ក្រុមមាន់ខ្នាយមាស Tottenham Hotspur ឡើងទៅប៉ះក្រុមតោខៀវ Chelsea នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Capital One Cup បន្ទាប់ពីពួកគេប្រកួតស្មើជាមួយក្រុម Sheffield United ដោយលទ្ធផល ២-២ ក្នុងជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីយប់មិញ ខណៈដែលកាលពីជើងទី១ Spurs យកឈ្នះ ១-០។កីឡាករ Christian Eriksen គឺជាតួឯករបស់ក្រុម Spurs កាលពីយប់មិញ បន្ទាប់ពីខ្សែបម្រើប្រយុទ្ធរូបនេះ ស៊ុតចូលទីនៅនាទី២៨ ប៉ុន្តែត្រូវបានកីឡាករបម្រុងវ័យ១៨ឆ្នាំ Che Adams របស់ក្រុម Sheffield United វាយបក២គ្រាប់វិញនៅតង់ទី២ នាទី៧៧ និងនាទី៧៩។ នៅចុងម៉ោង ពោលគឺនាទី៨៨ទៅហើយ កីឡាករជម្រើសជាតិដាណឺម៉ាក Eriksen ដដែលជាអ្នកបញ្ចប់ក្ដីសង្ឃឹមរបស់ក្រុម Sheffield ខណៈដែលកីឡាកររូបនេះ ស៊ុតបញ្ចូលទីជើងឆ្វេងបានយ៉ាងល្អ។ ដូច្នេះធ្វើឲ្យបញ្ចប់លទ្ធផលទាំង២ជើង Spurs ឈ្នះ Sheffield United ដោយលទ្ធផលសរុប ៣-២។ Tottenham Hotspur នឹងឡើងទៅប៉ះក្រុមដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដុងដូចគ្នា ពោលគឺត្រូវប៉ះក្រុមជើងខ្លាំង Chelsea នៅវគ្គផ្ដាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley នាថ្ងៃអាទិត្យទី០១ ខែមិនាខាងមុខ៕
Post a Comment