GuidePedia

0
អ្នកចាំទី David De Gea ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បន្ត​កុង​ត្រា៥​ទៀត ដើម្បី​នៅ​បន្ត​ជាមួយ​នឹង​ក្រុម​បិសាច​ក្រហម​ Manchester United។


ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ​Man Utd បាន​ព្យាយាម​លួង​លោម De Gea ឲ្យ​ចុះ​កិច្ចសន្យា​ថ្មី​ទៀត ខណៈ​ដែល​ក្លិប​យក្ស​របស់​អេស្ប៉ាញ Real Madrid បាន​បង្កើន​​ចំណាប់​អារម្មណ៍​របស់​ខ្លួន​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​អ្នក​ចាំ​ទី​វ័យ២៤​ឆ្នាំ​រូប​នេះ។

​​កាល​ពី​សប្ដាហ៍​មុន មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ថា កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ បាន​ព្រមព្រៀង​ផ្ទេរ​ទៅ​កាន់​ Real Madrid នៅ​រដូវ​កាល​ក្រោយ ប៉ុន្តែ​សេចក្ដីរាយការណ៍​​​ចុង​ក្រោយ​មួយ បាន​ឲ្យ​ដឹង​ថា អ្នកចាំទី​ដៃ​ស្អិត De Gea នឹង​នៅ​បន្ត​ក្នុង​កីឡដ្ឋាន Old Trafford រហូត​ដល់​ឆ្នាំ​២០២០។

សារព័ត៌មាន​អ៊ីតាលី SportMediaset បាន​ចេញ​ផ្សាយ​ព័ត៌មាន​ ដោយ​បង្ហោះ​នៅ​លើ​គេហទំព័រ Twitter ​របស់​ពួកគេ​​ជា​ភាសា​អ៊ីតាលី​ ​ដែល​មាន​ន័យ​​ថា៖ «Manchester United បាន​ចុះ​កិច្ចសន្យា​ថ្មី​មួយ​ទៀត ជាមួយ De Gea និង​​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ​២០២០»។


​គេ​ជឿ​ថា​ក្លិប Man Utd នឹង​ផ្ដល់​ថ្លៃ​ឈ្នួល​​ដល់ De Gea ប្រមាណ ១៤ម៉ឺន​ផោន (ជាង​២១​ម៉ឺន​ដុល្លារ) ក្នុង​មួយ​សប្ដាហ៍ ក្នុង​កិច្ចសន្យា​ថ្មី​នេះ៕

Post a Comment

 
Top