ក្រុម Chelsea បានអះអាងថានឹងហ៊ានចំណាយដល់ ២០០លានផោនប្រសិនបើ Lionel Messi ព្រមចាកចេញពី Barcelona នៅរដូវកាលដោះដូរកីឡាករនេះ ប៉ុន្តែប្រធានក្លិប Barcelona វិញបាននិយាយថាខ្សែប្រយុទ្ធរូបនេះសប្បាយចិត្តនៅអេស្ប៉ាញ មិនទៅណាទេ។
បើទោះជាក្រុម Chelsea ធ្លាប់បាននិយាយម្ដងហើយថាពួកគេមិនអាចនាំ Messi មកអង់គ្លេសបានទេ ដោយសារការកំណត់ការចាយវាយរបស់ខាងតុលាការកីឡាអន្តរជាតិ ប៉ុន្តែពេលនេះក្លិបបានប្ដូរមកបោះពាក្យសម្ដីថានឹងហ៊ានចំណាយប្រាក់ ២០០លានផោនភ្លាមបើ Messi ពិតជាចង់ចេញពី Barca មែននោះ។ ព័ត៌មាននេះបានលេចឡើង ក្រោយពីមានដំណឹងថា Messi ឈ្លោះគ្នាជាមួយអ្នកចាត់ការ Luis Enrique។ ។
យ៉ាងណាមិញ កាសែត Metro របស់អង់គ្លេសក៏បានសរសេរដែរថា លោក Jose Mourinho បានទៅជួបនិយាយផ្ទាល់ជាមួយឪពុកម្ចាស់ពាន Ballon d’Or ៤សម័យនេះរួចទៅហើយអំពីការផ្ទេរ និងលក្ខខ័ណ្ឌផ្ទាល់ខ្លួនមួយចំនួន។
ដោយឡែកនៅអេស្ប៉ាញឯណោះវិញ ទោះជាមានព័ត៌មានជាច្រើនបានចុះផ្សាយថាខ្សែប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះមិនត្រូវគ្នាជាមួយអ្នកចាត់ការក្រុមក្ដី តែប្រធានក្លិប Barcelona លោក Josep Maria Bartomeu បែរជានិយាយថា Messi សប្បាយចិត្តនឹងនៅទីនេះណាស់ ហើយរូបគេក៏នៅកុងត្រាជាមួយក្លិបរហូតដល់ឆ្នាំ២០១៨ និងមានបំណងជួយក្រុមលើកពានច្រើនទៀតផងដែរ។
តាំងពីចូលដល់ឆ្នាំ២០១៥នេះភ្លាម ដំណឹងដែល Messi ចង់ចាកចេញពីអេស្ប៉ាញ គឺកាន់តែមានច្រើនឡើងៗ ស្របពេលប៉ុន្មានថ្ងៃនេះរូបគេមិនបានទៅហ្វឹកហាត់ម្ដង និងមិនបានជាប់ជម្រើស១១នាក់ដំបូងពេល Barcelona ប៉ះ Real Sociedad ទៀតនោះ គឺកាន់តែមិនច្បាស់ថែមទៀតចំពោះអនាគតរបស់កំពូលកីឡាករម្នាក់នេះទៅទៀតហើយ។ ចាំមើលតទៅមុខទៀតទៅមើល ថាតើអនាគតរបស់គេនឹងទៅជាយ៉ាងណាដែរវិញ បើមានក្លិបធំៗចង់បានគេយ៉ាងនេះ?
Post a Comment