អ្នកចាត់ការរបស់ក្លិប Real MadridលោកCarlo Ancelotti ត្រូវបានគេទទួលស្គាល់ថាជាមនុស្សស្ថិតនៅក្នុងអ្នកសម្រេចបានជោគជ័យបំផុតនៅក្នុងពិភពបាល់ទាត់ ក្រោយលោកទទួលបានការតែងតាំងជាគ្រូបង្វឹកឆ្នើមរបស់អ៊ីតាលី នៅក្នុងពិធីមួយដែលបានរៀបចំឡើងកាលពីថ្ងៃចន្ទ នៅសាលធំ Palazzo Vecchio ទីក្រុង Florence ប្រទេសអ៊ីតាលី។
លោកAncelotti ដែលបានតំណាងឲ្យក្រុមជម្រើសជាតិអ៊ីតាលីនៅការប្រកួតWorld Cup ឆ្នាំ១៩៩០នោះ ធ្លាប់ធ្វើជាប្រធានក្រុម Roma អំឡុងអាជីពបាល់ទាត់រយៈពេល៨ឆ្នាំរបស់លោកនៅក្នុងទឹកដីStadio Olimpico គឺនៅមុនពេលដែលលោកផ្លាស់អាជីពមកជាអ្នកចាត់ការវិញនោះ។
ឥឡូវនេះ គ្រូបង្វឹកវ័យ៥៥ឆ្នាំម្នាក់ ត្រូវបានផ្តល់តំណែងមួយនៅក្នុងតារាងកិត្តិយស Italian Football Hall of Fame។
គួរឲ្យដឹងថា អាជីពបាល់ទាត់របស់លោក បានចាប់ផ្ដើមកាលពី៣៩ឆ្នាំមុនក្នុងឆ្នាំ១៩៧៦ក្នុងក្រុមយុវជនរបស់ក្លិប Parma គឺនៅមិនពេលផ្ទេរទៅកាន់ក្លិបRoma ក្នុងឆ្នាំ១៩៧៩។ លោកលេងបាន២៦លើកផងដែរ ឲ្យក្រុមជម្រើសជាតិអ៊ីតាលី។
ដោយឡែកពាក់ព័ន្ធនឹងការផ្លាស់ប្តូរអាជីពមកការងារចាត់ការវិញ លោក Ancelotti ធ្លាប់បានគ្រប់គ្រងក្លិបបាល់ទាត់ធំៗជាច្រើននៅលើពិភពលោក ក្នុងនោះរួមមានក្លិបParma ដែលជាក្លិបអាជីពលើកដំបូងរបស់លោក ក្លិប Juventus, AC Milan, Chelsea, Paris St Germain និងក្លិបបច្ចុប្បន្ន Real Madrid ជាកន្លែងដែលគេបានចាត់ទុកលោកថា ជាគ្រូបង្វឹកដ៏ឆ្នើមមួយរូបនោះ។
នៅក្នុងពិធីនោះដែរ លោក Diego Maradona ដែលជាអតីតវីរបុរសបាល់ទាត់របស់ក្រុមជម្រើសជាតិអាហ្សង់ទីននោះ ទទួលបានការតែងតាំងជាកីឡាករបរទេសឆ្នើមរបស់អ៊ីតាលី ហើយកីឡាករ Fabio Cannavaro គឺជាកីឡាករបាល់ទាត់ឆ្នើមរបស់ប្រទេសអ៊ីតាលី៕



Post a Comment