អ្នកប្រដាល់ ឪម សំរេច ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ដែលជួបសាកកណ្ដាប់ដៃជាមួយជើងចាស់ ឯម លីថូ អ្នកប្រដាល់ក្លិបឫទ្ធីពោធិសែនជ័យនៅលើសង្វៀនបាយ័នស្ទឹងមានជ័យ នាល្ងាចថ្ងៃសុក្រទី៣០ ខែមករា ឆ្នាំ២០១៥នោះ បានចាញ់ដោយពិន្ទុ។ទោះជាវាយចាញ់ក៏ដោយ ក៏ សំរេច បានធ្វើឲ្យ លីថូ ឈឺសាច់ និងវេទនាខ្លួនគួរសមដែរ។ សំរេច មិនធ្លាប់ដែលប៉ះជាមួយឯម លីថូ មែន តែពេលប្រកួតគេបានវាយប្តូរកណ្តាប់ដៃ ជើងជាមួយលីថូ គ្មានដកដៃទេ ដែលធ្វើឲ្យ លីថូ វេទនាមិនស្ទើរដែរទេ។សំរេច ប្រកួតលើកនេះល្អនិងខ្លាំង តែការវាយចេញរបស់គេភាគច្រើនមិនចំគោលដៅល្អ ដែលធ្វើឲ្យចប់ការប្រកួតចាញ់ពិន្ទុ លីថូ ដោយក្នុងចំណោមចៅក្រម៥នាក់ មាន៣នាក់ឲ្យ លីថូឈ្នះ ហើយ២នាក់ឲ្យសំរេចឈ្នះ។ វី សេរីចាន់ឌីន អ្នកប្រដាល់ក្លិបខ្លារខិនមានរិទ្ធប្រកួតឈ្នះ ចាន់ ឆាយម៉ៅ អ្នកប្រដាល់ក្លិបនិរោធមានជ័យដោយពិន្ទុ បន្ទាប់ពីវាយគ្នាប្រាំទឹកពេញនោះ។ ជ័យជំនះនេះ បានធ្វើឲ្យ ចាន់ឌីន សម្រេចបានការសងសឹករបស់ខ្លួន ក្រោយពេលដែលគេវាយចាញ់ ឆាយម៉ៅក្នុងទឹកទី៥ កាលពីថ្ងៃទី១៩ ខែតុលា ២០១៤កន្លងមកនោះ។ចាន់ ឆាយម៉ៅ ក្នុងការប្រកួតគ្នា៥ទឹកនោះ គេបានវាយប្ដូរជង្គង់ជាមួយ ចាន់ឌីន តែដោយសារ ចាន់ឌីនខ្ពស់ជាង ជង្គង់វែងជាង ធ្វើឲ្យចាញ់ប្រៀប។ ពួកគេវាយប្ដូរទៅវិញទៅមក រហូតដល់ចាន់ ឆាយម៉ៅ ធ្លាក់ពីលើរេញមកក្រោម ត្រូវអាជ្ញាកណ្ដាលរាប់៨ក្នុងទឹកទី៤។បើតាមគណៈវិនិច្ឆ័យប្រាប់ឲ្យដឹងថា ការរាប់ ឆាយម៉ៅដែលធ្លាក់នេះ គឺពុំមានដកពិន្ទុទេ គឺគ្រាន់តែចង់ឲ្យ ឆាយម៉ៅងើបឲ្យបានលឿនប៉ុណ្ណោះ។ តែបើសិន ឆាយម៉ៅ ងើបមកវិញនោះ មានសភាពទ្រេតទ្រោត ឬវិលនោះ ទើបគេដកពិន្ទុ។ទោះជាយ៉ាងណា ចាន់ ឆាយម៉ៅគេបន្តការប្រកួតបានរហូតដល់ចប់ទឹកទី៥ និងចាញ់សេរីចាន់ឌីនត្រឹមពិន្ទុប៉ុណ្ណោះ ដោយចៅក្រម៤រូបផ្តល់ពិន្ទុឲ្យចាន់ឌីនឈ្នះ និងមានចៅក្រមម្នាក់ប៉ុណ្ណោះដែលផ្តល់ពិន្ទុឲ្យឆាយម៉ៅឈ្នះនោះ។ឯម ម៉ូលី អ្នកប្រដាល់ក្លិបឫទ្ធីពោធិសែនជ័យ ដែលជាអ្នកប្រដាល់មានផ្លែល្អ ទាំងកណ្ដាប់ដៃ ទាំងទាត់និងជង្គង់កែងនោះ ត្រូវអាជ្ញាកណ្ដាលបញ្ឈប់លែងឲ្យប្រកួតក្នុងទឹកទី២ បន្ទាប់ពីគេមានរបួសហូរឈាមខ្លាំង ដោយសារកែងរបស់ ផាន់ សារ៉ែម អ្នកប្រដាល់ក្លិបគជសារកីឡា។បឺត សង្ឃឹម អ្នកប្រដាល់ក្លឹបរ៉ាហាប់ស្វាយប៉ាក ដែលត្រូវឡើងប្រកួតជាមួយ ឈាន ឡុងអ្នកប្រដាល់ក្លិបអេភូថងកីឡានោះ បានអវត្តមាន ហើយបានប្ដូរឲ្យ ខន សុខុន អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធឡើងប្រកួតជំនួសវិញ។ខន សុខុន ដោយសារឡើងប្រកួតជំនួសគេនោះ ត្រូវអាជ្ញាកណ្ដាលបញ្ឈប់ក្នុងទឹកទី២ ដោយសារគេមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតជាមួយ ឈាន ឡុង។ មុនឈានដល់ការបញ្ឈប់នេះ ខនសុខុន ត្រូវអាជ្ញាកណ្ដាលរាប់៨ដល់ទៅពីរដង ព្រោះតែត្រូវ ឈាន ឡុង វាយដួលលើរេញនោះ៕
Subscribe to:
Post Comments (Atom)
Post a Comment