GuidePedia

0
គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានចេញ សេចក្ដីជូនដំណឹង ស្វែងរកកីឡាករ អុកចត្រង្គ ទូទាំងប្រទេស ដើម្បីត្រៀមចូលរួម ប្រកួតដណ្ដើមពានរង្វាន់ “សម្ដេចតេជោ នាយករដ្ឋមន្ដ្រី” លើកទី២ ដែលនឹងធ្វើឡើង នៅដើមខែមីនា ឆ្នាំ២០១៥ នេះខាងមុខនេះ ។


លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងឲ្យដឹងថា ដើម្បីអបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន ឆ្នាំ២០១៥ នេះ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានសហការជាមួយ សហភាពសហព័ន្ធ យុវជនកម្ពុជា និងសហព័ន្ធកីឡាអុក កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ ដ៏អស្ចារ្យមួយ គឺការប្រកួតកីឡាអុកចត្រង្គពានរង្វាន់ “សម្ដេចតេជោ នាយករដ្ឋមន្ដ្រី” លើកទី២ ដោយចែកចេញជា ២ដំណាក់កាលក្នុងនោះ ដំណាក់កាលទី១ (វគ្គជម្រុះ) ប្រកួតនៅថ្ងៃទី០៤-០៧ ខែមីនា ខាងមុខ និងដំណាក់កាលទី២ (វគ្គផ្ដាច់ព្រ័ត្រ) ការប្រកួតនឹងធ្វើឡើង ក្នុងពិធីបុណ្យចូលឆ្នាំ (ថ្ងៃ១៤-១៦ ខែមេសា) នៅមុខប្រាសាទអង្គរវត្ត តែម្តង ។

លោកបន្ដថា ឆ្នាំនេះពិសេសជាងឆ្នាំមុន ព្រោះការប្រកួតមិនកំណត់ អ្នកចូលរួមត្រឹម ៦៤នាក់ដូចឆ្នាំមុនឡើយ ពោលគឺ បើកទូលាយ សំខាន់ឲ្យតែមាន អាយុចាប់ពី ៨ឆ្នាំឡើង ដើម្បីប្រកួតជម្រុះ ក្នុងដំណាក់កាលទី១ នៅពហុកីឡដ្ឋានជាតិ បន្ទាប់មកទើបស្វែងរកកីឡាករ ជើងខ្លាំង៨នាក់ ដើម្បីឡើងទៅប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ក្នុងដំណាក់កាលទី២ នៅខេត្តសៀមរាប តំបន់អង្គរ ។ ប៉ុន្ដែវិញ្ញាសាប្រកួត មានតែ ១ប៉ុណ្ណោះ គឺវិញ្ញាសាប្រកួត ម្នាក់ទល់ នឹងម្នាក់ មិនប្រកាន់ភេទ និងអាយុឡើយឲ្យ តែចាប់ពី ៨ឆ្នាំឡើង ។

ចំពោះលក្ខខណ្ឌប្រកួតវិញ អគ្គលេខាធិការ NOCC លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ពេលប្រកួតកីឡាករគ្រប់ៗរូប ពេលកាន់ គ្រាប់អុកណាហើយ ត្រូវតែដើរគ្រាប់អុកនោះ តែបើមិនដើរ គេត្រូវកំណត់ឲ្យចាញ់ ដោយស្វ័យប្រវត្តិតែម្ដង ។ ក្នុងពេលប្រកួតដដែល បើកីឡាករ-កីឡាការិនី រូបណាចង់ប្ដូរទីតាំង គ្រាប់អុកខុសបទបញ្ជា ឬក្បួន ច្បាប់នៃល្បែងអុក ខ្មែរ (ដើរច្រឡំក្រឡា) នោះ អាជ្ញាកណ្ដាលអនុញ្ញាត ឲ្យយកគ្រាប់អុកនោះ មកដាក់ចំក្រឡាវិញ តែត្រូវទទួលការព្រមាន លើកទី១ ហើយបើប្រព្រឹត្ដ កំហុសលើកទី២ នឹងត្រូវកំណត់ឲ្យចាញ់ ដោយស្វ័យប្រវត្តិផងដែរ ។

យោងតាមសេចក្ដីជូនដំណឹង របស់គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ដែលចុះហត្ថលេខា ដោយលោក វ៉ាត់ ចំរើន ចេញនៅព្រឹកថ្ងៃទី២៦ ខែមករានេះ ចំពោះប្រាក់រង្វាន់ ជ័យលាភីលេខ១ ឆ្នាំនេះនឹងទទួល បានទឹកប្រាក់ចំនួន ៣.០០០ដុល្លារ, លេខ២ ទទួលបាន ២.០០០ដុល្លារ, លេខ៣ ទទួលបាន ១.០០០ដុល្លារ និងលេខ៤ ទទួលបានប្រាក់ រង្វាន់ចំនួន ៥០០ដុល្លារ ។


សូមរំឮកថា ក្នុងការប្រកួតកីឡាអុកចត្រង្គ ដណ្ដើមពានរង្វាន់ “សម្ដេចតេជោ នាយករដ្ឋមន្រ្ដី” កាលពីឆ្នាំ២០១៤ កន្លង ទៅ កីឡាករក្លាយជាស្ដេចអុក ក្នុងប្រទេសកម្ពុជានោះ មានឈ្មោះថា ឈៀវ បូរ៉ា, លេខ២ កីឡាករ គ្រួច ចន្ថារិទ្ធ, លេខ៣ កីឡាករ សូ សុភី និងលេខ៤ បានទៅកីឡាករ កែវ វឌ្ឍនា ហើយឆ្នាំ២០១៥នេះ កីឡាករជើងខ្លាំងទាំង ៤រូប ក៏ត្រៀមយុទ្ធសាស្ដ្រ ដើម្បីការពារតំណែង ខ្លួនផងដែរ ៕

Post a Comment

 
Top