ទីបំផុតក្រោមការសម្រេចរបស់គណៈកម្មការរៀបចំ កម្មវិធីប្រដាល់នៃសង្វៀនបាយ័ន គេបានរកឃើញ កីឡាករ ជើងខ្លាំងកម្ពុជាមួយរូបដើម្បីទទួលស្វាគមន៍ អ្នកលេងឆ្លងដែនមកពីប្រទេស អាម៉េរិកកីឡាករ Warren Stavone ហើយ គឺអ្នកលេងកណ្ដាប់ដៃឥតស្រមោល ពេជ្រ សីហា ។
កីឡាករអាម៉េរិក Warren Stavone និង កីឡាករ ពេជ្រ សីហា
កាលពីដើមខែមករាកន្លងទៅថ្មីៗនេះ លោក នាង ស៊ីវុត្ថា អ្នករៀបចំកម្មវិធីប្រដាល់ប្រចាំសង្វៀនបាយ័ន បានរៀបចំកីឡាករកម្ពុជា ២រូប ឲ្យអ្នកគាំទ្របោះឆ្នោតជ្រើសរើសអ្នកមានសមត្ថភាពម្នាក់ ដើម្បីប្រកួតជាមួយកីឡាករអាមេរិក Warren Stavone ក្នុងនោះមានកីឡាករ ពេជ្រ សីហា និងកីឡាករ ម៉ឺន សុភា ។ជាលទ្ធផលក្រោមការគាំទ្រពីទស្សនិកជនផ្ទាល់ ពេជ្រ សីហា ត្រូវបានគេពេញចិត្តច្រើន ហើយគណៈកម្មការក៏សម្រេចឲ្យគេប៉ះកីឡាករ Warren Stavone តែម្ដង ។ ជំនួបមិត្តភាពអន្ដរជាតិដ៏គួរឲ្យចាប់អារម្មណ៍នេះ នឹងធ្វើឡើងនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥ខាងមុខនេះ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ ។ ទស្សនិកជនច្បាស់ជាប្លែកភ្នែក ជាមួយនឹងការបង្ហាញសមត្ថភាពរបស់កីឡាករ ពេជ្រ សីហា ដែលជាអ្នកជំនាញប្រើកណ្ដាប់ដៃ និងកែង ស្របពេលសមាសភាពកីឡាករ Warren Stavone ស្ថិតក្នុងអាថ៌កំបាំងនៅឡើយ ។ ទោះជាយ៉ាងគេជឿថា សីហា នឹងទទួលស្វាគមន៍ភ្ញៀវកិត្តិយសម្នាក់នេះ បានល្អក្នុងនាមជាម្ចាស់ផ្ទះ ។ កីឡាករ អ៊ុំ ចំរើន(ស្តាំ) និង កីឡាករថៃ Tham Pakorn
ក្នុងឱកាសនោះដែរ ក៏មានគូប្រកួតមិត្តភាពអន្ដរជាតិ ១គូទៀតរវាងកីឡាករកម្ពុជា-ថៃ គឺអ្នកលេងវ័យក្មេង អ៊ុំ ចំរើន ប៉ះកីឡាករថៃ Tham Pakorn ។ គូនេះក៏ជាគូល្អមើលផងដែរ ព្រោះទស្សនិកជនជាច្រើន បានស្គាល់ពីសមត្ថភាពកីឡាករ អ៊ុំ ចំរើន តាមរយៈក្បាច់គុនគ្រូ “ក្រមុំតែងខ្លួន” ហើយសាច់ស្នៀតសម្រាប់ទប់ទល់គូប្រកួតក៏មិនអន់ដែរ ជាពិសេសគឺការប្រើជង្គង់តែម្ដង ៕
Post a Comment