GuidePedia

0
សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ នឹង​រៀប​ចំ​ការ​ប្រ​កួត​កីឡា​ចំបាប់​ជ្រើស​រើស​ជើង​ឯក​យុវជន​អាយុ​ក្រោម​១៨ ដល់​​ ២៣ ឆ្នាំ​ ប្រ​ចាំ​ឆ្នាំ​ ២០១៥​ចាប់​ពី​ថ្ងៃ​ទី​​២៤​ដល់​២៦ ខែ​មករា​នៅ​សាល​ដំបូល​ទូក​ចំបាប់​ក្នុង​បរិវេណ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក។

សហព័ន្ធ​បាន​ប្រកាស​ឲ្យ​​សមាគម-ក្លឹប​កីឡា​ចំបាប់​ ក្រសួង​ មន្ទីរ​ រាជ​ធានី-ខេត្ត​ក្នុង​ប្រទេស​កម្ពុជា​ចូល​រួម​ប្រកួត​ឲ្យ​បាន​ច្រើន​កុះ​ករ។ សម្រាប់​ការ​ប្រកួត​ត្រូវ​បាន​បែង​ចែក​ជា​ពី​រ​វិញ្ញាសា​សំខាន់​ៗ​គឺ​វិញ្ញាសា​ចំបាប់​នារី អាយុ ១៩ ដល់ ២៣ ឆ្នាំ​សំ​រាប់​គីឡូ​ពី​ ៤៨ ដល់ ៥១ ហើយ​ពី ៥២ ដល់ ៥៦ គីឡូក្រាម​ និង​ពី ៥៧ ដល់​ ៦០ គីឡូក្រាម​។ ចំណែក​អាយុ ១៦ ដល់​ ១៩ ឆ្នាំ​គិត​ជា​គីឡូ​ពី ៤៦ ដល់ ៤៨ និង​ពី ៤៩ ដល់ ៥១ គីឡូក្រាម។



​វិញ្ញាសា​ចំបាប់​បុរស អាយុ ១៩ ដល់ ​២៣ ឆ្នាំ​ក្នុង​ប្រភេទ​ទម្ងន់​ពី​៥០​ដល់​៥៥ គីឡូក្រាម​ ពី ៥៦ មក ៦០ គីឡូក្រាម ពី​ ៦១ ទៅ ៦៦ គីឡូក្រាម ​​​​ពី ៦៧ ដល់​ ៧៣ គីឡូក្រាម ព្រម​ទាំង​ពី ៧៤ ដល់​ ៨០ គីឡូក្រាម និង​ពី​ ៨១ ដល់​ ៨៦ គីឡូក្រាម​។

សម្រាប់​​អាយុ​ចាប់​ពី​ ១៦ ដល់​ ១៨​ ឆ្នាំ​​ ​បេក្ខជន​ត្រូវ​ស្ថិត​ក្នុង​ប្រភេទ​ទម្ងន់​ ៤៦ ទៅ​ ៥០ គីឡូក្រាម​ ,ពី​ ៥១ ​ដល់ ៥៥ គីឡូក្រាម , ហើយ​​​ពី​ ៥៦ មក ៦០ គីឡូក្រាម​ ព្រមទាំង ៦១ ដល់​ ៦៥ គីឡូក្រាម និង​ពី ៦៦ រហូត​ដល់​ ៧០ គីឡូក្រាម។

សហព័ន្ធ​កីឡា​ចំបាប់​​កម្ពុជា​ បាន​ចាប់​ផ្ដើម​ទទួល​ពាក្យ​​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​​នេះ​តទៅ រហូត​ដល់​ ថ្ងៃ​ទី ២០ ខែ មករា ឆ្នាំ ២០១៥ វេលា​ម៉ោង ៥: 00 ល្ងាច​នៅ​ការិយាល័យ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ ក្នុង​សាល​ដំបូល​ទូក​ថ្មី​ ពហុកីឡដ្ឋានជាតិ រាជ​ធានី​ភ្នំពេញ​។



ការ​ប្រកួត​នេះ​សំ​រាប់​ក្លឹប​នីមួយៗ ត្រូវ​មាន​កីឡាករ​ កីឡា​ការិនី​ចូល​រួម​ប្រកួត​ យ៉ាង​តិច​​ចំនួន ២០ នាក់​ទើប​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​។ ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ មិន​អនុញ្ញាត​ឲ្យ​​កីឡាករ កីឡា​ការិនី​ជា​ជម្រើស​​ជាតិ​ចូល​រួម ​ប្រកួត​ក្នុង​កម្ម​វិធី​នេះ​ទេ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​កីឡាករ​​ កីឡា​ការិនី ដែល​បាន​ឈប់​ពី​ជម្រើស​ជាតិ​យ៉ាង​តិច​ ២​ ឆ្នាំ​ នឹង​​អាច​ចូល​រួម​ប្រកួត​បាន​។

ដើម្បី​កាន់​តែ​ច្បាស់​សូម​ទាក់​ទង​ និង​មន្ត្រី​ជំនាញ​របស់​សហព័ន្ធ កីឡា​ចំបាប់​កម្ពុជា​តាម​រយៈ​ទូរស័ព្ទ​លេខ ០១២ ៩២៨ ៤៩៦ / ០១៦ ៨០០ ៨៨០​ រៀង​រាល់​ម៉ោង​ធ្វើការ៕

Post a Comment

 
Top