GuidePedia

0
នៅ​ឆ្នាំ​២០១៤កន្លង​​ទៅ​ម្សិលមិញ​​នេះ​​ជា​ឆ្នាំ​ដែល​មាន​ព្រឹត្តិការណ៍​ធំ​ជាង​គេ​មួយ​ក្នុង​វិស័យ​កីឡា​បាល់​ទាត់​បាន​កើត​ឡើង​ គឺ​ការ​ប្រកួត​ World Cup។ ប៉ុន្តែ​ក្រោយ​ពី​ព្រឹត្តិការណ៍​មួយ​នេះ​ចប់​ទៅ​ក៏​មាន​កីឡាករ​ល្បី​ៗ​មួយ​ចំនួន​បាន​ប្រកាស​ចូល​និវត្តន៍​ផង​ដែរ។ ទន្ទឹម​នឹង​ការ​ចូល​និវត្តន៍​នេះ​ត្រូវ​បាន​គេ​ចែក​ចេញ​ជា​២​​ប្រភេទ​ គឺ​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ តែ​លេង​នៅ​ក្លិប​អាជីព​ និង​មួយ​ទៀត​គឺ​ឈាន​ជើង​ចេញ​ពី​វិស័យ​បាល់​ទាត់​តែ​ម្ដង។ ខាង​ក្រោម​នេះ​ Sabay ​សូម​លើក​យក​កីឡាករ​ល្បី​ៗ​៥​រូប​ឈប់​លេង​នៅ​ជម្រើស​ជាតិ​តែ​លេង​នៅ​ក្លិប​អាជីព​ និង​៥​រូប​ទៀត​ឈាន​ជើង​ចេញ​ពី​ទីលាន​តែ​ម្ដង៖

កីឡាករ​៥​រូប​ឈប់​លេង​នៅ​ជម្រើស​ជាតិ​តែ​លេង​នៅ​ក្លិប​អាជីព​
១. Didier Drogba

ក្រោយ​ចប់​ព្រឹត្តិការណ៍​ FIFA World Cup ​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ប្រេស៊ីល​នោះ​មក​ Drogba ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​កូឌីវ័រ​ភ្លាម។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ដែរ បុរស​វ័យ​៣៦​ឆ្នាំ​រូប​នេះ​នៅ​តែ​បន្ត​អាជីព​ជា​កីឡាករ​នៅ​ក្លិប Chelsea ​នៅ​ឡើយ​ទេ​នា​ពេល​បច្ចុប្បន្ន​នេះ។
២. Xavi

Xavi ​ក៏​មិន​ខុស​អី​ពី Drogba ​ដែរ​ ពោល​គឺ​ខ្សែ​បម្រើ​រូប​នេះ​បាន​ប្រកាស​ចូល​និវត្តន៏​ក្រោយ​ចប់​ព្រឹត្តិការណ៍​ World Cup ​ដូច​គ្នា​។ តែ​ស្រប​ពេល​នឹង​ការ​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​អេស្ប៉ាញ​នេះ ​រូប​គេ​ក៏​បាន​តំណែង​ជា​ប្រធាន​ក្រុម​នៅ​ក្លិប​អាជីព Barcelona ​ដែរ។​
៣. Steven Gerrard

Gerrard ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​អង់គ្លេស​ក្រោយ​ចប់​ World Cup ​នេះ ​ប៉ុន្តែ​រូប​គេ​មិន​ទាន់​ដាច់​អាល័យ​ជា​មួយ Liverpool ​នៅ​ឡើយ​ទេ។
៤. Philipp Lahm

Philipp Lahm ​ជា​ខ្សែ​បម្រើ​ការពារ​ឆ្នើម​ម្នាក់​របស់​ជម្រើស​ជាតិ​អាល្លឺម៉ង់​ ហើយ​រូប​គេ​ក៏​ជា​អ្នក​ជួយ​ប្រទេស​មួយ​នេះ​លើក​ពាន​ World Cup ​ដែរ។ ទោះ​ជា​អាច​ជួយ​ជម្រើស​ជាតិ​លើក​ពាន​យ៉ាង​នេះ​ក្ដី​ ប៉ុន្តែ​បុរស​វ័យ​៣១​ឆ្នាំ​រូប​នេះ​នៅ​តែ​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​អាល្លឺម៉ង់​ដដែល។ បច្ចុប្បន្ន​ Lahm ​លេង​នៅ​ក្រុម​ Bayern Munich ។
៥. Franck Ribery
Ribery ​មិន​បាន​ទៅ​លេង​នៅ​ World Cup ​ជួយ​ជម្រើស​ជាតិ​បារាំង​នោះ​ទេ ហើយ​ចប់​ព្រឹត្តិការណ៍​មួយ​នេះ​ភ្លាម​រូប​គេ​ក៏​បាន​ប្រកាស​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​ភ្លាម​ៗ​ដែរ។ ហើយ​ការ​ប្រកាស​នោះ​បុរស​វ័យ​៣១​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា ​រូប​គេ​ចង់​មាន​ពេល​លេង​នៅ​ក្លិប​អាជីព Bayern Munich ​ឱ្យ​បាន​គ្រប់គ្រាន់​មិន​ចង់​ទៅ​ណា​ទៀត​នោះ​ទេ។

កីឡាករ​៥​នាក់​ដែល​ឈប់​លេង​បាល់ទាត់​តែ​ម្ដង
១. Ryan Giggs
Ryan Giggs ​បាន​ប្រកាស​ចូល​និវត្តន៍​បន្ទាប់​ពី​លោក Moyes ​បាន​ដឹក​នាំ​ក្រុម​ធ្លាក់​ទម្រង់​លេង​ខ្លាំង​​ហើយ​ត្រូវ​បាន​ Man Utd ​ដេញ​ចេញ។ ទន្ទឹម​នឹង​ការ​ចូល​និវត្តន៍​នេះ​ដែរ​ បុរស​វ័យ​៤១​ឆ្នាំ​រូប​នេះ​បាន​ក្លាយ​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​លោក Van Gaal ​នា​ពេល​បច្ចុប្បន្ន។
២. Thierry Henry

Henry ​ទើប​តែ​ប្រកាស​ចូល​និវត្តន៍​ពេល​ថ្មី​ៗ​នេះ​ទេ​ ហើយ​អនាគត​របស់​វីរបុរស​ក្រុម Arsenal ​រូប​នេះ​ក៏​មិន​ទាន់​ដឹង​ថា​ទៅ​ជា​យ៉ាង​ណា​ដែរ។ ប៉ុន្តែ​មាន​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​បុរស​វ័យ​៣៧​ឆ្នាំ​រូប​នេះ​នឹង​មក​កាំភ្លើង​ធំ​វិញ​តែ​មិន​ប្រាកដ​ថា​មាន​មុខ​តំណែង​អ្វី​នោះ​ទេ។
៣. Carles Puyol

Puyol ​បាន​ប្រកាស​ឈាន​ជើង​​ចេញ​ពី​ទីលាន​បាល់​ទាត់​បន្ទាប់​ពី​ចំណាយ​ពេល​លេង​នៅ​ក្រុម​ Barcelona ​អស់​១០​ឆ្នាំ​ និង​បាន​បង្ហាញ​ខ្លួន​ឱ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​១០០​ប្រកួត។
៤. Javier Zanetti

Javier Zanetti ​ទើប​តែ​ប្រកាស​ឈប់​លេង​បាល់​នៅ​ឆ្នាំ​២០១៤​នេះ​ទេ ហើយ​ក្លិប​ចុង​ក្រោយ​ដែល​បុរស​វ័យ​៤១​ឆ្នាំ​រូប​នេះ​លេង​ឱ្យ​នោះ​គឺ Inter Milan ។
៥. Eric Abidal

Abidal ​បាន​ប្រកាស​ឈប់​លេង​បាល់​នៅ​ឆ្នាំ​២០១៤​នេះ​ដែរ ​ហើយ​ក្រុម​ចុង​ក្រោយ​របស់​គេ​នោះ​គឺ Olympiacos ។ បុរស​វ័យ​៣៥​ឆ្នាំ​រូប​នេះ​ចាប់​ផ្ដើម​ជោគជ័យ​ជាមួយ​អាជីព​ជា​កីឡាករ​នៅ​ក្រុម​ Barcelona ​ព្រោះ​អាច​ជួយ​អ្នក​មាន​បុណ្យ​ឈ្នះ​ពាន​៧​នៅ​អេស្ប៉ាញ ​និង​ Champions League ​បាន​២​ដង​ថែម​ទៀត​ផង។

យ៉ាង​ណា​មិញ​ ចំនួន​កីឡាករ​ខាង​លើ​នេះ​គឺ Khmer-Sport ​ជ្រើស​រើស​យក​តែ​១០​នាក់​ទេ នៅ​មាន​កីឡាករ​ច្រើន​ទៀត​ដែល​បាន​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០១៤​នេះ​ដែរ៕

Post a Comment

 
Top