អ្នកប្រដាល់ជើងខ្លាំង វ៉ន វីវ៉ា នឹងវិលត្រឡប់មកកាន់សង្វៀនវិញនៅថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០១៥ខាងមុខនេះក្នុងព្រឹត្តិការណ៍«តន្ត្រីគ្រួសារកម្ពុជា២០១៥» នៅក្រុងប៉ោយប៉ែត។
កីឡាករ វ៉ន វីវ៉ា |
ការឡើងសង្វៀនលើកដំបូងសម្រាប់ឆ្នាំ២០១៥ និងក្រោយពេលរៀបការ វ៉ន វីវ៉ាត្រូវប្រឈមនឹងអ្នកប្រដាល់ថៃឈ្មោះ ជា រ៉ាសាក់ ប៉ុន្តែគេនៅមិនដឹងច្បាស់ទេថា កីឡាករថៃម្នាក់នេះមានសមត្ថភាពដល់កម្រិតណានោះទេ។
ចំពោះជើងខ្លាំងកម្ពុជារូបនេះវិញឆ្លងកាត់ការប្រកួតអន្តរជាតិ៤ដងនៅឆ្នាំ២០១៤ មិនធ្លាប់ចាញ់ឡើយ។ វ៉ន វីវ៉ាធ្លាប់ផ្ដួលកីឡាករថៃ២នាក់នៅសង្វៀនបាយ័ន ម្នាក់នៅសង្វៀនអាស៊ីអាគ្នេយ៍ និងកីឡាករឡាវនៅសង្វៀនស៊ីធីអិន។
រាល់ថ្ងៃ វ៉ន វីវ៉ាកំពុងខំប្រឹងហ្វឹកហាត់យ៉ាងខ្លាំងដោយមានភរិយាជាម្ចាស់មេដាយប្រាក់ស៊ីហ្គេម ស៊ន ដាវីនទំនុកបម្រុងយ៉ាងដិតដល់។ កាលពីម្សិលមិញកីឡាការិនីតេក្វាន់ដូរូបនេះបានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញពី វ៉ន វីវ៉ាហ្វឹកហាត់។ ដាវីនបានសរសេរលើរូបមួយសន្លឹកនេះថា «បន្ទាប់ពីលោកប្ដីហាត់ប្រដាល់ចប់ត្រូវជូននាងខ្ញុំទៅហាត់តេក្វាន់ដូនៅស្តាត អូឡាំពិកម្ដង….ម្យ៉ាងដែរ»។
ការប្រកួតប្រដាល់មិត្តភាពអន្តរជាតិដែលចូលជាមួយការប្រគំតន្ត្រីនេះក៏មានកីឡាករ ឈាន ហុង ប៉ះកីឡាករថៃ ជេ ស៊ិក និងជើងខ្លាំងវ័យក្មេង ផាន់ គ្រាន់ ប៉ះកីឡាករថៃ ធី ដេត។ ការប្រកួតប្រដាល់ និងប្រគំតន្ត្រីនឹងមានការផ្សាយផ្ទាល់ដោយស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ចាប់ពីម៉ោង៨យប់ ថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០១៥ពីមុខសាលាក្រុងប៉ោយប៉ែត៕
Post a Comment