ពេលនេះគណៈកម្មការរៀបចំគូប្រកួតប្រចាំសង្វៀន បាយ័ន បានបង្ហាញសមាសភាពកីឡាករថៃទាំង៤រូប ដែលត្រូវជួបប្រកួតជាមួយ កីឡាករលំដាប់កំពូលកម្ពុជា ដើម្បីដណ្ដើមខ្សែក្រវាត់ខារ៉ាប៉ាវ (Carabao) ប្រចាំឆ្នាំ២០១៥ ជាមួយនឹងប្រាក់រង្វាន់ចំនួន១ម៉ឺនដុល្លារផងដែរ ។ កីឡាករជើងខ្លាំងថៃ ដែលត្រូវបានសហព័ន្ធកីឡាប្រដាល់កម្ពុជា និងស្ថានីយទូរទស្សន៍បាយ័ន ជ្រើសរើសមកប្រកួតក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនៅលើទឹកដីកម្ពុជានោះមានដូចជាកីឡាករ Pirabkao, Tilek Pithak, Singha Thorngnoy និង កីឡាករ Rareung ដែលទើបផ្ដួលកីឡាករកម្ពុជាចំនួន២រូបកាលពីពេលថ្មីៗនេះ ។ រីឯអ្នកលេងក្បាច់គុនបុរាណខ្មែរ ទាំង៤រូប ដែលត្រូវបើកទ្វារទទួលស្វាគមន៍កីឡាករថៃរួមមានកីឡាករ កែវ រំចង់, វង្ស ណយ, ម៉ឺន សុភា និងកីឡាករ ឡុង សុភី ។ យោងតាមព័ត៌មាននៅលើ Facebook ផ្ទាល់របស់លោក នាង ស៊ីវុត្ថា អ្នករៀបចំកម្មវិធីប្រចាំសង្វៀនបាយ័នបានឲ្យដឹងថា ព្រឹត្តិការណ៍ប្រដាល់មិត្ដភាពអន្ដរជាតិកម្ពុជា-ថៃដ៏កម្រមួយនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល១២សប្ដាហ៍ ស្មើនឹង៣ខែ នៅលើសង្វៀនបាយ័ន ។ ប៉ុន្ដែដំណាក់កាលប្រកួតជម្រុះវិលជុំនឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥ចុង សប្ដាហ៍នេះ ។ បើតាមការបង្ហើបឲ្យដឹងពីមន្ដ្រីរៀបចំកម្មវិធីនេះបានឲ្យដឹងដែរថា ព្រឹត្តិការណ៍នេះច្បាស់ជាប្លែកភ្នែកមិនខាន ព្រោះទាំង កីឡាករកម្ពុជា និងកីឡាករថៃ សុទ្ធតែជាអ្នកមានសមត្ថភាពដូចគ្នា ។ ដូច្នេះរាល់ការជួបគ្នាក្នុងវគ្គជម្រុះ ក៏ល្អមើលដែរ មិនចាំបាច់តែវគ្គផ្ដាច់ព្រ័ត្រនោះទេ ។ ចាំមើលតើកីឡាករកម្ពុជា ឬកីឡាករថៃ ដែលជាអ្នកមានសំណាងគ្រងតំណែងខ្សែ ក្រវាត់លើកដំបូងរបស់ក្រុមហ៊ុនភេសជ្ជៈខារ៉ាប៉ាវ និងទឹកប្រាក់ចំនួន១ម៉ឺនដុល្លារអាម៉េរិកនោះ?
Subscribe to:
Post Comments (Atom)
Post a Comment