GuidePedia

0
លោក David Moyes អតីត​អ្នកចាត់​ការ​ទូទៅ​របស់ក្លិប Manchester United ត្រូវ​បាន​បណ្តេញ​ចេញដោយក្លិប Real Sociedad កាល​ពី​ថ្ងៃ​ចន្ទ ក្រោយពី​ជួប​ការ​ដឹកនាំ​ដ៏​ជ្រួល​ច្របល់​រយៈ​ពេល ១ ឆ្នាំ ដែល​អំឡុង​ពេលនោះ​លោកបាន​បរាជ័យ​ក្នុង​ការ​ផ្លាស់ប្តូរជោគ​វាស​នា​របស់​ក្លិប​មួយនេះ​។


Sociedad បាន​ឲ្យ​ដឹង​ក្នុង​សេ​ចក្តី​ថ្លែង​ការណ៍មួយ​ថា៖ «ក្លិប Real Sociedad បាន​សម្រេច​លុបចោលកិច្ច​សន្យា​របស់គ្រូ​បង្វឹកក្រុម​ឈុត​ធំ​លោក David Moyes​។ ក្លិប​​ចង់​ថ្លែង​អំណរ​គុណ​ដល់​លោក​សម្រាប់អ្វីដែលលោក​បាន​នាំ​យក​ទៅ​ឲ្យ​ក្លិបនេះ ភាពជាអាជីព និង​ការ​លះ​បង់​របស់​លោក​ក្នុង​ការបំពេញតួនាទី​របស់​លោក​»​។

លោក Eusebio Sacristan អតីត​គ្រូ​បង្វឹក​នៃក្រុមឈុតទី ២ របស់ Barcelona នឹង​ចូលកាន់តំណែង​ជំនួស​គ្រូ​បង្វឹក​សញ្ជាតិ​ស្កុត​ឡេន​រូប​នេះ ក្រោយ​ពី​បាន​ចុះហត្ថលេខា​លើកិច្ច​សន្យា​មួយ​ដែល​នឹងបន្ត​រហូត​ដល់​ឆ្នាំ ២០១៧​។

លោក Moyes បាន​ចូល​កាន់​តំណែង​ក្នុងក្លិប​មានមូលដ្ឋាននៅ San Sebastian មួយ​នេះ កាល​ពីខែវិច្ឆិកា ឆ្នាំ​មុន ពោល​គឺ​​ត្រឹម​តែ​រយៈពេល ៧ ខែ ក្រោយ​ពី​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​ក្លិប Man United ក្រោយ​ពី​​​ជួប​យុទ្ធនាការ​ដ៏ខក​ចិត្ត​​ក្នុង​រដូវកាលទី ១ របស់លោក បន្ទាប់​ពី​ការ​ចូល​និវត្ត​របស់​គ្រូបង្វឹក​ដ៏ឆ្នើមរបស់​ក្លិប​គឺលោក Alex Ferguson ខណៈ​ដែល Man United បាន​បញ្ចប់​​ក្រៅពី​ចំណាត់​ថ្នាក់កំពូលទាំង ៤ នៃក្រប​ខ័ណ្ឌ Premier League ជា​លើកទី ១ ក្នុងរយៈពេល ២៤ ឆ្នាំ​។

ប៉ុន្តែ ​ការ​រងបរាជ័យ​ ២-០ កាលពី​ថ្ងៃ​សុក្រ នៅ​លើ​ទឹក​ដីក្រុម​ទើបឡើងមក​ថ្មី Las Palmas បាន​ធ្វើ​ឲ្យ​ក្រុម Sociedad ឈរ​ពីលើក្រុមស្ថិតក្នុង​តំបន់​កាត់​ចោល​ដោយ​នាំមុខ​ត្រឹមតែគ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ប៉ុណ្ណោះ​៕

Post a Comment

 
Top