GuidePedia

0
ព្រឹត្តិការណ៍នៃការប្រកួតដណ្តើមខ្សែក្រវាត់ជើង ឯកអធិរាជ ស៊ីម៉ងត៍អូដ្ឋ ទម្ងន់៦៣,៥គីឡូក្រាម លើសង្វៀនTV5 ARENA នាយប់ថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៥ ចុងសប្តាហ៍នេះបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ គឺអ្នកប្រដាល់ វ៉ាន់ ចាន់វ៉េត ក្លឹបគីសែមានរិទ្ធ ប៉ះអ្នកប្រដាល់ថៃ Weerachai Menayuthin ។


អ្នកទាំង២នាក់ត្រូវប្រជែងគ្នារញ្ជួយសង្វៀន TV5 ARENA ដើម្បីយកតំណែងជាម្ចាស់ខ្សែក្រវាត់ជើងឯកអធិរាជស៊ីម៉ងត៍អូដ្ឋ ទម្ងន់៦៣,៥គីឡូក្រាមវគ្គទី១ ។ នៅពាក់កណ្ដាលផ្ដាច់ព្រ័ត្រ អ្នកប្រដាល់ វ៉ាន់ ចាន់វ៉េត បានផ្តួល ថៃ ប៊ុនហាន ក្លឹបឫទ្ធីពោធិ៍សែនជ័យ ដោយទាត់មួយជើងពិឃាតធ្វើឲ្យ ប៊ុនហាន បាក់ដៃក្នុងទឹកទី១ តែម្តង ។

ចំពោះអ្នកប្រដាល់ជនជាតិថៃ Weerachai Menayuthin ក៏បានផ្តួលអ្នកប្រដាល់កម្ពុជា ឈាន ហុង សមាគមកីឡាក្រសួងការពារជាតិ ក្នុងទឹកទី៤ ដោយទាត់ មួយជើងដូចគ្នាចំឆ្អឹងជំនី ក្រោកលែងរួចផងដែរ ។ រវាង វ៉ាន់ ចាន់វ៉េត និងWeerachai Menayuthin ដណ្ដើមខ្សែក្រវាត់អធិរាជស៊ីម៉ងត៍អូដ្ឋទម្ងន់៦៣,៥ គ.ក្រនេះ?

ដោយ វ៉ាន់ ចាន់វ៉េត ក៏មិនអាចមើលស្រាលចំពោះគេបានដែរ ព្រោះគេក៏មានផ្លែសម្លាប់ល្អដែរ ករណីដូចការប្រកួតជា មួយ ថៃ ប៊ុនហាន កន្លងមក នរណាថា ចាន់វ៉េត ឈ្នះនោះ តែទីបំផុតគេទាត់ ប៊ុនហាន បាក់ដៃយកឈ្នះក្នុងទឹកទី១យ៉ាងស្រួល ។

ចំពោះ ឈាន ហុង សមាគមប្រដាល់ក្រសួងការពារជាតិ ដែលត្រូវប្រកួតដណ្ដើមយកលេខ៣ ជាមួយ ថៃ ប៊ុនហាន នោះវិញ គេនឹងត្រូវឈ្នះដោយស្វ័យប្រវត្តិ ព្រោះ ប៊ុនហាន មានរបួសបាក់ដៃ ដែលមិនអាចប្រកួតបាន ។ ដូច្នេះតំណែងលេខ៣ គឺបានលើ ឈានហុង ដោយមិនបាច់បែកញើសឡើយ ។

គួរបញ្ជាក់ថា សម្រាប់អ្នកទទួលបានជាជើងឯក «អធិរាជសង្វៀនស៊ីម៉ងត៍អូដ្ឋ» នឹងទទួលបានពាន១ និងទឹកប្រាក់រង្វាន់ចំនួន២.៥០០ដុល្លារ លេខ២ បាន រង្វាន់១.០០០ដុល្លារ លេខ៣ បាន៥០០ដុល្លារ ៕

Post a Comment

 
Top