GuidePedia

0
កីឡាករ​ ផៃ​ គឹមហឿត ​ក្លិប​គី​សែមានរិទ្ធ បាន​ឈ្នះ ​ឈាន ​រស្មី ​ក្លិប​រាជ​សីហ៍​ខេត្ត​រតនគីរី​ដោយ​ពិន្ទុ​យ៉ាង​តឹងតែង ក្នុង​ការ​ប្រកួត​ជម្រុះ​ជុំទី ១ ដណ្តើម​ខ្សែ​ក្រវាត់ ​TiFi ​Super​ Fight ​TV5 ទម្ងន់ ៦០ គីឡូក្រាម ​សប្ដាហ៍ទី ២ ​នៅ​សង្វៀន TiFi គល់ស្ពាន​ជ្រោយ​ចង្វារ​ កាល​ពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ​កីឡាករ​ សេក ​ចាន់រាជ​ ក្លិប​អង្គរមានជ័យ​បាន​ផ្តួល​អ្នក​ប្រដាល់ អ៊ី វ៉ាន់​សក្តិ​ យ៉ាងងាយ​។
ផៃ គឹមហឿត បាន​ម៉ាត់​ទៅ​លើ​ផ្ទៃមុខ ឈាន រស្មី មុន​ប្រកាស​ឲ្យ​ឈ្នះ​ពិន្ទុ

កីឡាករ​ ផៃ​ គឹមហឿត ​ដែល​ជា​ជើង​ថ្មី​ខ្ចី​វស្សា​ជាង​កីឡាករ ​ឈាន ​រស្មី​ នោះ​បាន​វាយ​សម្រុក​បាន​ល្អ​ក្នុង​រយៈពេល​ប្រកួត​តែ ៣ ទឹក ធ្វើ​ឲ្យ​គេ​មាន​ប្រៀប​ផ្នែកកណ្តាប់​ដៃ​ខណៈ​ ឈាន ​រស្មី​ វ៉ៃ​ចេញផ្នែក​ជង្គង់​បាន​តិចតួច​ជាង​ ប៉ុន្តែ​វា​ជា​ជ័យ​ជម្នះ​ដែល គឹមហឿត ទទួល​បាន​ទាំង​ប្រផិត​ប្រផើយ​បំផុត។​

កីឡាករ ​ឈាន ​រស្មី​ បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា​៖«​ខ្ញុំ​ទទួល​ស្គាល់​ពី​ការ​កាត់ក្តី​នេះ​គឺ​ត្រឹមត្រូវ​ ព្រោះ​ខ្ញុំ​វាយ​ចេញ​មិន​ទាន់​គឹម​ហឿត»​។ ​ចំណែក​ ​ផៃ ​គឹម​ហឿត​ និយាយ​ថា៖​«ខ្ញុំ​សូម​ផ្ញើ​ជ័យជម្នះ​នេះ​ដល់​បង​ប្អូន​ដែល​គាំទ្រ​ខ្ញុំ​នៅ​ខេត្ត​សៀមរាប​ផង​ ពី​ព្រោះ​ខ្ញុំ​បានឆ្លង​ផុយ​ចូល​វគ្គ​ទី ២ ហើយ»​។​

ចំណែក ​សេក ​ចាន់រាជ ​បាន​ប្រើ​កណ្តាប់​ដៃ​ម៉ាត់​ឲ្យ​កីឡាករ​ អ៊ី វ៉ាន់​ស័ក្ដ ​មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយ​មានជ័យ​ សន្លប់​ក្នុង​ទឹកទី ១ ហើយ​តាម​រយៈ​លទ្ធផល​នេះ សេក ចាន់រាជ ​និង ផៃ​ គឹម​ហឿត​ ត្រូវ​ឡើង​ទៅឈរ​ចាំ ដើម្បី​ត្រៀម​ការ​ជម្រុះ​ជុំទី ២ ​ដែល​មាន​គ្នា​ចំនួន ១៦ នាក់។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​កំពូល​ជើងឯក TiFi Super Figth ​នេះ​មាន​អ្នក​ប្រដាល់​ចំនួន ៣២ នាក់​ចូលរួម​ប្រកួត​ជម្រុះ​ដោយ​ត្រូវ​បែងចែក​ជា ៤ ដំណាក់កាល​ឬ ៤ ជុំ ដែល​ដំណាក់​ទី ១ ជា​ការ​ប្រកួត​ជម្រុះ​ក្នុង​ចំណោម ៣២ នាក់​យក​តែ ១៦ នាក់ ​គឺ​ចាញ់​ធ្លាក់ៗ​ ឯ​អ្នកឈ្នះ​ឈរ​ចាំជុំ​ទី ២ បន្ដ ហើយ​ការប្រកួត​មាន​រយៈពេល​តែ ៣ ទឹក​ប៉ុណ្ណោះ។​

ចំពោះ​តម្លៃ​ខ្លួន​ក្នុង​ដំណាក់កាល​ទី ១ នេះ​ គឺ​ឈ្នះ​ទទួល​បាន ១៥០ ដុល្លារ​ ចាញ់​បាន ១០០ ដុល្លារ។

ចំពោះ​ការប្រកួតជម្រុះ​ដំណាក់កាល​ទី ២ ​គឺ​អ្នក​ឈ្នះ​ទាំង ១៦ រូប ត្រូវ​ប្រកួត​ជម្រុះ​ទុក ៨ រូប​តាម​រូបមន្ដ​ ដួច​ការ​ប្រកួត​ដូច​ដំណាក់​កាលទី ១ ដែ ​គឺ​ចាញ់ធ្លាក់​ៗ ខណៈ​តម្លៃខ្លួន​ក្នុង​ដំណាក់កាល​នេះ ​គឺ​អ្នកឈ្នះ​បាន ២០០ ដុល្លារ​ អ្នកចាញ់​បាន ១៥០ ដុល្លារ ហើយ​អ្នក​ឈ្នះទាំង ៨ នោះ ត្រូវ​ឡើង​ទៅ​ប្រកួត​ជុំទី ៣ ដើម្បី​រក​ឈ្នះ​ឈ្នះ ៤ នាក់ ឡើង​ទៅ​ប្រកួត​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ និង​ផ្តាច់​ព្រ័ត្រ ដោយ​មាន​ការ​ប្រកួត ៥ ទឹក​ធម្មតា ដោយ​ម្ចាស់​ខ្សែក្រវាត់ ​នឹង​បាន​ប្រាក់ ៤០០០ ដុល្លារ លេខ ២ ​បាន ២០០០ ដុល្លារ លេខ ៣ បាន ៧៥០ ដុល្លារ​ និង​លេខ ៤ បាន ៥០០ ដុល្លារ៕

Post a Comment

 
Top