GuidePedia

0
ខ្សែ​បម្រើ​ Andres Iniesta ត្រូវ​បាន​គេ​បោះឆ្នោត​ឲ្យ​ជាប់​ជា​​ប្រធាន​ក្រុម​ Barcelona ថ្មី​ ដើម្បី​ជំនួស​តំណែង​​ប្រធាន​ក្រុម​​ចាស់​ Xavi Hernandez ដែល​បាន​ចាក​ចេញ​​ទៅ​ប្រទេស​កាតារ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​ឆ្នើម Lioniel Messi ជាប់​ជា​អនុប្រធាន​​ក្រុម។


​​ក្រុម​ម្ចាស់​ជើង​ឯក​ La Liga និង​ជើង​ឯក​អឺរ៉ុប ​មាន​ប្រព័ន្ធ​ដឹក​នាំ​ក្រុម​ដ៏​ល្អ​ ពោល​គឺ​​កីឡាករ​ទាំង​អស់​​ជា​អ្នក​បោះឆ្នោត​ជ្រើស​រើស​ប្រធាន​ក្រុម​​ផ្ទាល់​ ហើយ​ជា​លទ្ធផល​ឃើញ​ថា​ Iniesta ទទួល​បាន​សំឡេង​ច្រើន​ជាង​គេ។ កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ ក៏​បាន​ពាក់​ស្លាក​ដៃ​ប្រធាន​ក្រុម​នេះ ជា​ច្រើន​ប្រកួត​ដែរ កាល​រដូវ​កាល​មុន ដោយសារ​តែ​ Xavi ​ចូល​លេង​បាន​តិច​តួច។

កីឡាករ​វ័យ​៣១​ឆ្នាំ Iniesta ដែល​រដូវ​កាល​មុន​ជា​អនុប្រធាន​ក្រុម ឥឡូវ​បាន​ក្លាយ​ជា​ប្រធាន​ក្រុម​ពេញ​សិទ្ធ​ហើយ ខណៈ​ដែល​​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ Messi ជាប់​ជា​អនុប្រធាន​ក្រុម រីឯ​ Sergio Busquets ជាប់​ជា​អនុប្រធាន​ក្រុម​ទី​២។

Iniesta (ឆ្វេង) និង​ Xavi (ស្តាំ) លើក​ពាន​ Copa del Rey រដូវ​កាល​មុន

Xavi ​បាន​ទៅ​ចូល​រួម​ជាមួយ​ក្លិប​​ប្រទេស​កាតារ Al Sadd បន្ទាប់​ពី​ចប់​រដូវ​កាល​មុន ដោយ​បាន​បញ្ចប់​អាជីព​ជា​កីឡាករ​ក្រុម​ Barcelona រយៈពេល​២៤​ឆ្នាំ នៅ​កីឡដ្ឋាន Camp Nou ​និង​​ធ្លាប់​ឈ្នះ​ពាន​សរុប​​រហូត​ដល់​ទៅ​២៣​ពាន​៕

Post a Comment

 
Top