GuidePedia

0
សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម ក្លិប Barcelona ​និង Man Utd បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ចំពោះ​ការផ្ទេរ​សម្រាប់​កីឡាករ Pedro​ប៉ុន្តែ​ក្លិប​ជើងឯក Champions League មួយ​នេះ ចង់​ទុក​កីឡាករ​ម្នាក់​នេះ​រហូតដល់​ក្រោយ​ការប្រកួត Uefa Super Cup នៅ​សប្តាហ៍​ក្រោយ។ប្រភព​បាន​បន្តទៀតថា ក្លិប​ទាំងពីរ បាន​ឈានដល់​តម្លៃ​ផ្ទេរ​ដំបូង​១៨.១​លាន​ផោន​ជាមួយនឹង​ប្រាក់​បន្ថែម​៤.២​លាន​ផោន​បន្ថែមទៀត។


ទោះបីជា​យ៉ាងណាក៏ដោយ ក្លិប​ជើងឯក​បាល់ទាត់​អឺរ៉ុប​មួយ​នេះ នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម Sevilla ដែល​ជា​ក្រុម​ជើងឯក Europa League នៅក្នុង​ទីក្រុង Tbilisi នា​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយនេះ ហើយ​ពួកគេ​ចង់​កោះហៅ​កីឡាករ Pedro ឲ្យ​ចូល​លេង​នៅ​ការប្រកួត​មួយ​នេះ។

សូម​បញ្ជាក់​ថា កីឡាករ Lionel Messi និង​កីឡាករ Neymar ដែល​ទើបតែ​វិលត្រឡប់​ពី​វិស្សមកាល​របស់​ពួកគេ​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រោយ​លេង​នៅ​ការប្រកួត Copa America​នោះ ទំនងជា​មិនអាច​លេង​បាន​រយៈពេល​ពេញ​៩០​នាទី​នោះទេ។

ដូច្នេះហើយ កីឡាករ Pedro អាចជា​ចំណែក​ដ៏​សំខាន់​មួយ​នៅក្នុង​ក្រុម​របស់​ពួកគេ មុនពេល​បញ្ចប់​ការផ្ទេរ​ទៅកាន់​ទឹកដី Old Trafford ហើយ​វា​មានន័យ​ផងដែរ ក្រុម Man Utd​នឹង​ចាប់ផ្តើម​រដូវ​កាល Premier League របស់​ពួកគេ​ជាមួយ​ក្រុម Spurs​នា​ថ្ងៃ​សៅរ៍ ដោយ​គ្មាន​វត្តមាន​របស់​កីឡាករ​វ័យ​២៨​ឆ្នាំ​ម្នាក់នេះ៕

Post a Comment

 
Top