GuidePedia

0
Zinedine Zidane ​ដែល​បច្ចុប្បន្ន​ជា​​អ្នក​ចាត់​ការ​ក្រុម​ Real Madrid B (Castilla B-Team) ​បាន​លើក​ឡើង​ថា​ ក្លិប​ Real Madrid ​កំពុង​តែ​ចង់​បាន​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​របស់​ពិភពលោក ដើម្បី​បន្ថែម​ជួយ​ដល់​ក្រុម​ឲ្យ​កាន់​តែ​ខ្លាំង​ និង​កំពុង​តែ​តាម​​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ស្ថានភាព​​ Raheem Sterling ​របស់​ Liverpool។


កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស Sterling ដែល​រក​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ​ហង្ស​ក្រហម បាន​៦​គ្រាប់​នៅ​ Premier League ​រដូវ​កាល​នេះ​ ​បាន​ច្រាន​ចោល​សំណើ​បន្ត​កុងត្រា​ថ្មី​​ច្រើន​លើក​មក​ហើយ ជាមួយ​នឹង​ក្លិប​នៅ Anfield ​ខណៈ​ដែល​​ក្លិប​គូ​ប្រជែង Manchester City និង Chelsea ​ក៏​​ចាប់​អារម្មណ៍​ដល់​ខ្សែ​បម្រើ​វ័យ​ក្មេង​រូប​នេះ​ផង​ដែរ។

ប៉ុន្តែ​ Zidane ​បាន​បង្ហើប​ប្រាប់​ថា ក្លិប​ម្ចាស់​ជើង​ឯក​អឺរ៉ុប ១០​សម័យ​កាល Real ក៏​​កំពុង​ចាប់​អារម្មណ៍ Sterling ដូច​គ្នា ​ដោយ​លោក​បាន​និយាយ​ថា៖ “យើង​ដឹង​ច្បាស់​ណាស់​ថា Raheem Sterling ជា​នរណា ហើយ​តាម​ពិត​យើង​កំពុង​តាម​មើល​គាត់​ដូច​ជា​កីឡាករ​ម្នាក់​ចឹង​ដែរ។​ មាន​កីឡាករ​តិចតួច​ណាស់ ​ដែល​អាច​ជួយ​ឲ្យ​ Real Madrid ​រីក​ចំរើន​បាន។ ដូច្នេះ​យើង​​មាន​ភាព​ឈ្លាស​វៃ ក្នុង​ការ​មើល​ពី​ការ​វិវត្តន៍​របស់​កីឡាករ​វ័យ​ក្មេង​របស់​ពិភពលោក”។


វីរបុរស​ក្រុម​អធិរាជ​ស វ័យ​៤២​ឆ្នាំ​រូប​នេះ បាន​បន្ថែម​ថា៖ “យើង​ធ្លាប់​តាម​ដាន​មើល Bale ​អស់​ពេល​ជាង​១​ឆ្នាំ ​ហើយ Isco និង​ Varane ​ក៏​ដូច​គ្នា។ យើង​​សម្លឹង​មើល​កីឡាករ​ឆ្នើមៗ​វ័យ​ក្មេង​ជា​ច្រើន​ នៅ​អឺរ៉ុប បន្ទាប់​មក​បើ​យើង​យល់​ថា ពួកគេ​អាច​ជួយ​ដល់​ Real Madrid ​ឲ្យ​រីក​ចម្រើន​បាន​នោះ យើង​នឹង​ធ្វើ​ការ​ទាក់ទង​ដល់​ក្លិប​របស់​គេ និង​ព្យាយាម​ចរចា​គ្នា​ទៅ​ជំហាន​បន្ទាប់​ទៀត”៕

Post a Comment

 
Top