GuidePedia

0
Fernando Torres បាន​​បង្ហើប​ប្រាប់​​ថា​ Steven Gerrard ​បាន​ប្រាប់​ឲ្យ​គេ​ចាក​ចេញ​ពី​​ក្លិប Liverpool មុន​ពេល​ដែល​រូប​គេ​ផ្ទេរ​ទៅ​កាន់​ Chelsea ក្នុង​តម្លៃ ៥០​លាន​ផោន (ជិត​៧៥​លាន​ដុល្លារ)។


​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​ Torres ​បាន​ចំណាយ​ពេល​៤​ឆ្នាំ​ នៅ​ទឹកដី​ Anfield ​ហើយ​អំឡុង​ពេល​នោះ រូបគេ​លេង​យល់​ចិត្ត​គ្នា​ខ្លាំង​ណាស់ ជាមួយ​នឹង​អតីត​ប្រធាន​ក្រុម​អង់គ្លេស Gerrard ខណៈ​ដែល​ថ្មីៗ​នេះ ​កីឡាករ​ក្រុម​ Atletico Madrid ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា Gerrard ​គឺជា​កីឡាករ​ល្អ​បំផុត ដែល​ខ្លួន​ធ្លាប់​លេង​ជាមួយ​ ក្នុង​អាជីព​ជា​កីឡាករ​បាល់​ទាត់។ យ៉ាង​ណា​ក្ដី Torres បាន​បង្ហើប​ប្រាប់​ថា វីរបុរស​​ហង្ស​ក្រហម (Gerrard) គឺ​ជា​អ្នក​ប្រាប់​ឲ្យ​គេ​​ទៅ​ចូល​រួម​ជាមួយ​តោ​ខៀវ នៅ​ Stamford Bridge។

កីឡាករ​វ័យ​៣១​ឆ្នាំ បាន​ប្រាប់​ដល់​ The Sun ថា៖ “មាន​កីឡាករ​មួយ​រូប​ ដែល​មាន​ឥទ្ធិពល​​បំផុត​ជាង​នរណា​ទាំង​អស់​សម្រាប់​ខ្ញុំ​​នោះ​គឺ Gerrard។ គាត់​បាន​ប្រែ​ក្លាយ​អាជីព​របស់​ខ្ញុំ មហិច្ឆតា​របស់​ខ្ញុំ ការ​ចង់​ឈ្នះ​ពាន និង​ប្រែ​ក្លាយ​ខ្ញុំ​ជា​ច្រើន។ ទោះ​បី​ជា​ខ្ញុំ​ត្រូវ​ចាក​ចេញ​ពី​គាត់ ពី​ Liverpool គាត់​នៅ​តែ​ប្រាប់​ខ្ញុំ​ថា ទៅ​​ៗ គិត​ពី​ខ្លួន​អ្នក និង​ធ្វើ​អ្វី​ដែល​ល្អ​សម្រាប់​ខ្លួន​ឯង។ គាត់​បាន​ប្រាប់​ខ្ញុំ​ទៀត​​ថា ខ្ញុំ​​គួរ​តែ​ទទួល​បាន​អ្វី ​ច្រើន​ជាង​ការ​គិត​របស់​ខ្ញុំ។ ខ្ញុំ​មិន​ដែល​ឃើញ​មិត្ត​រួម​ក្រុម​ ល្អ​ដូច​គាត់​ទេ”។


កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ Torres ​ក៏​បាន​មក​លេង​នៅ​កីឡដ្ឋាន Anfield ​​ម្ដង​ទៀត​ដែរ ក្នុង​ការ​ប្រកួត​សប្បុរសធម៌​មួយ​ ដែល​រៀបចំ​ឡើង​ដោយ​ Gerrard និង Jamie Carragher៕

Post a Comment

 
Top