GuidePedia

0
ឆាំ រ៉ែម អ្នកប្រដាល់មកពីក្លឹបព្រះខ័នរាជ នឹងប្រកួត សាកកណ្ដាប់ដៃជាមួយអ្នកប្រដាល់ថៃ Yorth Thanong ក្នុងប្រភេទទម្ងន់ ៦០គ.ក្រ ខណៈដែលអ្នកប្រដាល់ ជើងចាស់ អ៊ុង វិរៈ អ្នកប្រដាល់ក្លឹបកងទ័ពឆ័ត្រយោង ៩១១ ជួប ជាមួយកីឡាករថៃ Tak Kornsing ក្នុងប្រភេទទម្ងន់ ៧៣គ.ក្រ នាថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០១៥ខាងមុខនេះ នៅលើសង្វៀន SEA-TV ក្នុងព្រឹត្តិការណ៍ការប្រកួតក្បាច់គុន បុរាណខ្មែរជាលក្ខណៈមិត្តភាពអន្តរជាតិ ក្រោមការ ឧបត្ថម្ភពី ក្រុមហ៊ុន ស្រាបៀរ កម្ពុជា ។


ជំនួបរវាងកីឡាករមិនសូវល្បីទាំង២រូបនេះ គឺជាលើកដំបូងហើយដែលត្រូវបានគណៈកម្មការ ផ្គូផ្គងគូប្រកួតរៀបចំឲ្យ ពួកគេជួបគ្នាក្នុងនាមជាគូ មិត្តភាពអន្តរជាតិ ប្រចាំសប្ដាហ៍នេះ ។ ឆាំ រ៉ែម បានឡើងសង្វៀនប្រកួតនាពេលកន្លងមក ប៉ុន្ដែរាល់ការប្រកួតមិនសូវទទួល បានការគាំទ្រច្រើនណាស់ណានោះទេ ។

ចំពោះបទពិសោធន៍មុននឹងឈានមកជួបគ្នានេះ កីឡាករ ឆាំ រ៉ែម ធ្លាប់ឡើងសង្វៀនប្រកួតតិចជាង Yorth Thanong ប៉ុន្ដែសាច់ស្នៀតប្រកួតល្អប្រហាក់ប្រហែល គ្នា ដោយគ្មានកីឡាករណាមានប្រៀបជាងឡើយ ។

ឆាំ រ៉ែម ជំនាញដ៏ល្អរបស់គេ គឺការប្រើកណ្ដាប់ដៃ រីឯ Yorth Thanong ល្អផ្សំគា្នទាំងការប្រើកណ្ដាប់ដៃ ជង្គង់ និងទាត់ ហើយ ឆាំ រ៉ែម មានប្រវត្តិប្រកួត៦៥លើក ឈ្នះ៥៣ដង ចាញ់១១ដង និងស្មើ១ដង ចំណែក Yorth Thanong វិញ មានប្រវត្តិប្រកួត៦៦លើក ឈ្នះ៥០ដង ចាញ់១៤ដង និងស្មើ២ដង ។

ចំណែកអ៊ុង វិរៈ វិញជាអ្នកប្រដាល់ដែលមាន អំណោយផលទាំងកម្ពស់ និងកាយសម្បទាយ៉ាងរឹងមាំនោះបានក្លាយ ជាកីឡាករជើងខ្លាំង ស្ទើរតែរកដៃគូប្រកួតលែង ចង់បានទៅហើយ បើប្រៀបធៀបកម្លាំង អ៊ុង វិរៈ ជាមួយនឹងកីឡាករថៃ ភាគរយដែល អ៊ុង វិរៈ អាចយកឈ្នះភាគច្រើន ដោយសារតែ អ៊ុង វិរៈ វាយសម្រុកទៅលើ សត្រូវ ច្រើនដោយប្រើស្នៀត ធាក់ទប់ និងថយក្រោយបញ្ចៀសការវាយសម្រុកពីសំណាក់គូប្រកួតបានច្រើន ។

ចំពោះអ្នកប្រដាល់ថៃ Tak Kornsing ជាអ្នកប្រដាល់ជើងខ្លំាងមួយរួបក្នុងស្រុកថៃ ដែលធ្លាប់ផ្តួលអ្នកប្រដាល់រួមជាតិជាច្រើន ឲ្យសន្លប់ក្រោម ថ្វីដៃរបស់ខ្លួន ។


អ្នកប្រដាល់ អ៊ុង វិរៈ មានប្រវត្តិប្រកួត៦៥លើក ឈ្នះ៥៥ដង ចាញ់៨ដង និងស្មើ២ដង ចំណែក Tak Kornsing វិញ មានប្រវត្តិប្រកួតបាន៨៥លើក ឈ្នះ៧៥ដង ចាញ់៩ដង និងស្មើ១ដង ៕

Post a Comment

 
Top