GuidePedia

0
ការ​ប្រកួត​ក្របខ័ណ្ឌ La Liga ​កាល​ពី​យប់​មិញ​នេះ ក្រុម​យក្ស Real Madrid ​បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ Celta de Vigo ​ដោយ​លទ្ធផល ៤-២ ​ខណៈ​៤​គ្រាប់​ជ័យ​ជម្នះ​នោះ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង Javier Hernandez (Chicharito) ​២​គ្រាប់​ , Toni Kroos ​១​គ្រាប់​ និង James Rodriguez ​១​គ្រាប់។


ការ​ប្រកួត​ចាប់​ផ្ដើម​បាន​តែ​៩​នាទី ខាង​ក្រុម​ម្ចាស់​ផ្ទះ Celta de Vigo ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខ្លួន​នៅ​កីឡដ្ឋាន Estadio de Balaidos ​សប្បាយ​ចិត្ត​ជា​ខ្លាំង ដោយ​កីឡាករ Duran ​ស៊ុត​ចូល​១​គ្រាប់​នាំ​មុខ​មុន​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​សប្បាយ​ចិត្ត​នេះ​មិន​បាន​យូរ​ប៉ុន្មាន​នោះ​ទេ ដោយ​ខ្សែ​បម្រើ​ Toni Kroos ​របស់​ Real ​រក​គ្រាប់​បាល់​បាន​ស្មើ​វិញ​នៅ​នាទី​១៦។

បន្ទាប់​ពី​ស្មើ​១-១ ​នេះ​បាន​ត្រឹម​៨​នាទី ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង Chicharito ​រក​បាន​១​គ្រាប់​ទៀត ឱ្យ​លោក Carlo Ancelotti ​នាំ​មុខ​ ២-១ វិញ​ម្ដង តែ​ក៏​មិន​បាន​យូរ​ដូច​គ្នា ព្រោះ​ខ្សែ​បម្រើ Lorenzo ​របស់ Celta ​ស៊ុត​តាម​ស្មើ​បាន​វិញ​នៅ​នាទី​ ២៨។

ជិត​​ចប់​តង់​ទី​មួយ​ទៅ​ហើយ James Rodriguez ​រក​បាន​មួយ​គ្រាប់​ទៀត បន្ទាប់​ពី​ទទួល​បាន​បាល់​ពី Cristiano Ronaldo ​យ៉ាង​ស្អាត ដើម្បី​ឱ្យ​ក្រុម Real Madrid ​នាំ​មុខ ៣-២ ​ត្រឹម​តង់​ទី​១។ ចូល​មក​ដល់​តង់​ទី​២ ក្រុម​ទាំង​សង​ខាង​នៅ​តែ​វាយ​សម្រុក​គ្នា​ដដែល រហូត​ដល់​នាទី​៦៩ ទើប​ខ្សែ​ប្រយុទ្ធ​ខ្ចី​ជើង​ពី Man Utd មក​អាច​រក​បាន​គ្រាប់​បាល់​ទី​២​ហើយ​ក៏​ជា​គ្រាប់​បាល់​ទី​៤​របស់​ស្ដេច​ស​ផង​ដែរ។ លទ្ធផល ៤-២ ​នេះ​រក្សា​រហូត​ចប់​ការ​ប្រកួត។

ជ័យ​ជម្នះ​នេះ​ គឺ​អាច​បន្ត​ក្ដី​សង្ឃឹម​ឱ្យ Real ​​ក្នុង​ការ​ប្រជែង​យក​ពាន La Liga ​ពី Barcelona ​ពោល​គឺ​ក្រុម​ទាំង​ពីរ​នេះ​មាន​ពិន្ទុ​ប្រដេញ​គ្នា ៨១ និង ៧៩ ខណៈ​ដែល​ការ​ប្រកួត​វិញ​​នៅ​សល់​៥​ប្រកួត​ទៀត៕



Post a Comment

 
Top