GuidePedia

0
ក្រុមលេងនៅ Premier League, Aston Villa បានត្រៀម ជើងជួបជាមួយក្រុមខ្លាំងដូចគ្នាកាំភ្លើងធំ Arsenal នៅវគ្គផ្តាច់ព្រ័ត្រនៃពាន FA Cup បន្ទាប់ពី ទម្លាក់គូប្រជែង Liverpool ដោយលទ្ធផល ២-១ យប់មិញនេះក្នុង វគ្គ៤ក្រុមចុងក្រោយ ។


ការវាយបកដ៏មានប្រសិទ្ធភាព នៅក្រោយពេលដែលកីឡាករខ្សែបម្រើប្រយុទ្ធ Philipe Coutinho ស៊ុតគ្រាប់នាំមុខឲ្យ ក្រុមហង្សក្រហម Liverpool នៅនាទី៣០ ពីការធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធតួឯក Christian Benteke នៅ៦នាទីបន្ទាប់ និងគ្រាប់នាំសំណាងនៅនាទី៥៤ដោយមិត្តរួមក្រុម Fabian Delph ដែលជាគ្រាប់បាល់ធ្វើឲ្យគ្រូបង្វឹក Brendan Rodgers ទឹកភ្នែកត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្តង ។

នេះជាលើកទី២ហើយដែល Aston Villa បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនៃពានលំដាប់ទី២របស់អង់គ្លេស FA Cup នៃ រដូវកាលឆ្នាំ២០១៤-២០១៥នេះ ក្រោយពេលលេងចាញ់ Chelsea កាលពីឆ្នាំ២០០០មក និងជាលើកទី១ផងដែរដែលបានជួបក្រុមរបស់លោក Arsene Wenger នៅវគ្គផ្តាច់ព្រ័ត្រនៃពាននេះ បន្ទាប់ពី Arsenal បានទម្លាក់ក្រុម Reading ២-១ ក្នុងនាទីបន្ថែមកាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន ។

សួមបញ្ជាក់ដែរថា វគ្គផ្តាច់ព្រ័ត្ររវាង Aston Villa និង Arsenal នឹងធ្វើឡើងនារាត្រីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ ខាងមុខនៅពហុកីឡដ្ឋានវ័យចំណាស់ Wembley ស្ថិតក្នុងទីក្រុងតែម្តងដែលជាទីកន្លែង Chelsea ឈ្នះពានលំដាប់ទី ៣អង់គ្លេសដូចគ្នា Capital One Cup បន្ទាប់ពីបំបាក់គូប្រជែងមាន់ខ្នាយមាស Tottenham Hotspur ២-០ នៅវគ្គផ្តាច់ព្រ័ត្រ ៕



Post a Comment

 
Top