GuidePedia

0
លោក Louis van Gaal ​បាន​និយាយ​ថា​រូប​លោក​នឹង​ចូល​និវត្តន៍​ពី​​​​ពិភព​បាល់ទាត់​ ​បន្ទាប់​ពី​ដឹក​នាំ​ក្រុម Manchester United​ ដោយ​សំអាង​លើ​ហេតុ​ផល​ចង់​មាន​ពេល​វេលា​នៅ​ជាមួយ​ប្រពន្ធ​កូន។


កាល​ពី​ម្សិលមិញ លោក Van Gaal ​បាន​បញ្ជាក់​ពី​អនាគត​របស់​​ខ្លួន​​ថា៖ “ខ្ញុំ​ចាស់​ណាស់​ហើយ។ នេះ​គឺ​ជា​ការងារ​ចុង​ក្រោយ​ហើយ​សម្រាប់​ខ្ញុំ​។ ខ្ញុំ​ចង់​មាន​ពេល​ខ្លះ​នៅ​ជាមួយ​កូន​​ ប្រពន្ធ និង​ចៅ​ៗ​​របស់​ខ្ញុំ​ផង​ដែរ។ ខ្ញុំ​មិន​សប្បាយ​ចិត្ត​សោះ​កាល​ពី​ខួប​កំណើត​ចៅ​របស់​ខ្ញុំ ដោយសារ​មិន​បាន​ទៅ​ចូល​រួម​ព្រោះ​រវល់​នៅ​ Old Trafford ”។

បុរស​វ័យ​៦៣​ឆ្នាំ​ខាង​លើ​ ​នៅ​កុងត្រា​ជាមួយ​ក្រុម​បិសាច​ក្រហម​ ​រហូត​ដល់​ឆ្នាំ​២០១៧​ ឯ​ណោះ​ទើប​ចប់ ខណៈ​ដែល​រដូវ​កាល​ដំបូង​នេះ​រូប​លោក​ក៏​មិន​ទាន់​បាន​ធ្វើ​អ្វី​ឱ្យ​​កត់​​សម្គាល់​នៅ​ឡើយ​ទេ ស្រប​ពេល​ដែល​ចំណាយ​ប្រាក់​អស់​១៥០​លាន​ផោន​ទៅ​ហើយ​ក្ដី។ មួយ​វិញ​ទៀត ការ​ដែល​ចង់​ទៅ​លេង​នៅ Champion League ​រដូវ​កាល​ក្រោយ​ក៏​មិន​ទាន់​ប្រាកដ​ ១០០%​ ដែរ ព្រោះ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ បិសាច​ក្រហម​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​ទៀត​ដូចជា Liverpool ​និង​ Chelsea ​ជា​ដើម។


លោក Louis van Gaal ​ជា​បុគ្គល​ជោគជ័យ​ម្នាក់​ក្នុង​អាជីព​ជា​អ្នក​ចាត់​ការ​ ព្រោះ​អំឡុង​ពេល​ដែល​រូប​លោក​បាន​ដឹក​នាំ​ក្រុម Barcelona, Bayern Munich ​និង​ Ajax ​ជា​ដើម​នោះ ​គឺ​សុទ្ធ​តែ​អាច​ជួយ​ក្រុម​ទាំង​នោះ ​លើក​ពាន​នៅ​លីក​កំពូល​ប្រចាំ​ប្រទេស​បាន៕

Post a Comment

 
Top