GuidePedia

0
Luis Suarez ​ជា​កីឡាករ​ដែល​ក្រុម​ Barcelona ​ទិញ​​យក​​ពី​ Liverpool ​ក្នុង​តម្លៃ​ខ្លួន​៧៥​លាន​ផោន។ ទន្ទឹម​នឹង​មាន​តម្លៃ​ខ្លួន​ថ្លៃ​កប់​ក្ដោង​នេះ​ដែរ ខ្សែ​ប្រយុទ្ធ​រូប​នេះ​មាន​ប្រវត្តិ​តស៊ូ​លំបាក​មិន​តិច​នោះ​ទេ ពោល​គឺ​សូម្បី​តែ​ការងារ​ជា​អ្នក​អនាម័យ​ក៏​​ធ្លាប់​ធ្វើ​ដែរ។ ​ថ្ងៃ​នេះ​ Sabay ​​សូម​លើក​យក​៤​ចំណុច​ដែល​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ ​ធ្លាប់​ឆ្លង​កាត់​មុន​បាន​ជោគជ័យ​មក​ដល់​សព្វថ្ងៃ​​៖



១. ត្រឹម​អាយុ​១៤​ឆ្នាំ Suarez ​បាន​ធ្វើ​ជា​អ្នក​អនាម័យ


Luis Alberto Suárez Díaz (ឈ្មោះ​ពេញ) កើត​នៅ​ថ្ងៃ​ទី​២៤ ​ខែ​មករា​ឆ្នាំ​១៩៨៧​ នៅ​ទី​ក្រុង Salto ​ប្រទេស​អ៊ុយរុយហ្គាយ។ ​​​ជា​កូន​ទី​៤​ក្នុង​ចំណោម​បងប្អូន​៧​នាក់ Suarez បាន​ជួប​នូវ​ជីវិត​ដ៏​លំបាក​​នៅ​ក្នុង​​អាយុ​១៤​ឆ្នាំ​ ដោយ​សារ​ឪពុកម្ដាយ​​ចែក​ផ្លូវ​គ្នា។ ពេល​នោះ​ហើយ​ដែល​អតីត​កីឡាករ​ Liverpool ​រូប​នេះ ​ត្រូវ​ប្រឹងប្រែង​រក​លុយ​ជួយ​គ្រួសារ​ ស្រប​ពេល​ដែល​មាន​វ័យ​ក្មេង​ពេក Suarez ​បាន​ត្រឹម​តែ​ធ្វើ​ជា​អ្នក​អនាម័យ​ប៉ុណ្ណោះ​ ដើម្បី​បាន​ប្រាក់​ខ្លះ​ជួយ​ផ្គត់ផ្គង់​ដល់​ប្អូន​ៗ។

២. Suarez ​ស្គាល់​តែ​ស្រី​ម្នាក់​គត់


ដោយ​សារ​តែ​ជីវភាព​ក្រីក្រ អតីត​កីឡាករ Ajax ​រូប​នេះ​មាន​មិត្តភ័ក្ដិ​ស្រី​តែ​ម្នាក់​គត់​តាំង​ពី​តូច​មក​គឺ Sofía Balbi ។ ដោយហេតុ​តែ​ស្គាល់​ចិត្ត​គ្នា​តាំង​ពី​តូច​មក​នេះ​ហើយ បាន​ជា​អ្នក​ទាំង​ពីរ​នេះ​បាន​សម្រេច​ចិត្ត​រៀបការ​នឹង​គ្នា​នៅ​ឆ្នាំ​២០០៩ ហើយ​បច្ចុប្បន្ន​ Suarez ​មាន​កូន​២​នាក់​ហើយ​គឺ Delfina ​កើត​នៅ​ឆ្នាំ​២០០៩ ​និង​ Benjamín ​កើត​នៅ​ឆ្នាំ​២០១៣។

៣. Suarez ​ជា​កីឡាករ​ល្អ​ជាង​គេ​របស់​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ


កីឡាករ​ពាក់​អាវ​លេខ​៩ ខាង​លើ​នេះ​ បាន​ចូល​លេង​ក្នុង​ក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​ដំបូង​នៅ​ឆ្នាំ​២០០៥ ដោយ​​បាន​​បង្ហាញ​ខ្លួន​​៨១​ប្រកួត​មក​ហើយ​ និង​រក​គ្រាប់​បាល់​បាន​៤៣​គ្រាប់​ផង​ដែរ។ ​បច្ចុប្បន្ន Suarez ​ជា​ all-time top goal scorer នៅ​ក្នុង​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​ ​​ហើយ​ថែម​ទាំង​បាន​ជួយ​ក្រុម​លើក​ពាន ​Copa America ​ម្ដង​ផង​ដែរ​នៅ​ឆ្នាំ​២០១១។

៤. Suarez ​ជា​កីឡាករ​ទទួល​បាន​ការ​ពិន័យ​ច្រើន​ប្រកួត​ជាង​គេ


ដោយសារ​តែ​រឿង​ខាំ​គេ​៣​ដង​កន្លង​មក ខ្សែ​ប្រយុទ្ធ​របស់​ Barca ​ខាង​លើ​នេះ ​ធ្លាប់​ត្រូវ​សហព័ន្ធ​កីឡា​ពិន័យ​រហូត​ដល់​ទៅ​៤៧​ប្រកួត​មក​ហើយ។ ដោយ​ឡែក​ការ​ពិន័យ​នេះ​ដែរ ​​បាន​ធ្វើ​ឱ្យ​រូប​គេ​ក្លាយ​ជា​កីឡាករ​ដំបូង​ដែល​ត្រូវ​គេ​ដាក់​បម្រាម​មិន​ឱ្យ​ចូល​លេង​ច្រើន​ជាង​គេ​ ទោះ​ជា​មិន​ទទួល​បាន​កាត​ក្រហម​ក៏​ដោយ៕

Post a Comment

 
Top