GuidePedia

0
ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក​​ប្រចាំ​ទ្វីប​អឺរ៉ុប Real Madrid រំពឹង​ថា នឹង​​បោះ​​ជំហាន​​​​កាន់តែ​កៀក​ទៅ​មុខ​ទៀត​ដើម្បី​ក្លាយ​ជា​ក្រុម​ដំបូង​គេ​ក្នុង​រយៈពេល​ ២៥ ​ឆ្នាំ​ក្នុង​ការ​ការពារ​ពាន​​រង្វាន់ Champions League យ៉ាងជោគជ័យ​នៅពេល​ដែល​ពួកគេ​​ទទួល​​ភ្ញៀវ Schalke នៅ​រាត្រី​​​នេះ​ជាមួយ​នឹង​ការ​នាំ​មុខ ២-០ ​ពី​ការ​ប្រកួត​ជើង​ទី​១​នៃ​វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ​របស់​ពួកគេ​។


Real Madrid បាន​​រួម​គ្នា​ដណ្តើម​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​អឺរ៉ុប​ចំនួន​ ១០ ​​លើក​​ជាប់ៗ​គ្នា​ក្នុង​ដំណើរ​ឆ្ពោះ​ទៅកាន់​ការ​ឈ្នះ​ពាន​រង្វាន់​​កំពូល​អឺរ៉ុប​ជា​លើក​ទី​ ១០ ​​របស់​ពួកគេ​កាលពី​រដូវកាល​មុន ប៉ុន្តែ បាន​ជួប​ការ​លំបាក​យ៉ាងខ្លាំង​ក្នុង​ការ​ប្រកួត​លីក​ក្នុង​ស្រុក​នៅ​ឆ្នាំ​ ២០១៥ ​នេះ​។

Real បាន​បាត់បង់​ការ​នាំ​មុខ​​របស់​ពួកគេ​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ La Liga កាលពី​ចុងសប្តាហ៍ ក្រោយពី​ពួកគេ​បាន​រងបរាជ័យ ១-០ នៅលើ​ទឹកដី​ក្រុម Athletic Bilbao ខណៈ​ដែល Barcelona បាន​ផ្តួល​ក្រុម Rayo Vallecano ក្នុង​លទ្ធផល ៦-១​។

នោះ​ជា​​ការ​រងបរាជ័យ​ជា​លើក​ទី​ ៤ ​របស់​ក្រុម Real Madrid ក្នុង​​ចំណោម​ការ​ប្រកួត​ ១៤ ​លើក​នៅ​​ឆ្នាំ​នេះ ខណៈ​ដែល​លោកគ្រូ​បង្វឹក Carlo Ancelotti បាន​ទទួល​ស្គាល់​ថា លោក​ពិតជា​មាន​ការ​លំបាក​ក្នុង​ការ​ពន្យល់​ពី​របៀប​ដែល​តារា​ឆ្នើមៗ​របស់​លោក​ដូចជា Cristiano Ronaldo, Karim Benzema និង Gareth Bale មិន​បាន​បង្ហាញពី​​ភាព​មុតស្រួច​​ឡើយ​។

គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​បាន​​ឲ្យ​ដឹង​​កាលពី​ថ្ងៃ​សៅរ៍​ថា៖ «វា ហាក់​ដូចជា​រឿង​ចម្លែក​មួយ​ក្នុង​ការ​និយាយ​ថា Real Madrid មាន​​បញ្ហា​មួយ​​នៅ​តំបន់​ប្រយុទ្ធ​នៅពេល​ដែល​​យើង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ជាច្រើន​គ្រាប់​នៅ​រដូវកាល​នេះ ប៉ុន្តែ ខ្ញុំ​គិត​ថា វា​​ជា​រឿងពិត​»​។


ប៉ុន្តែ ទោះបី​ជា​យ៉ាងណា ប្រធាន​ក្រុម Iker Casillas បាន​ទទួល​ស្គាល់​ថា ពួកគេ​​នឹង​មិន​​រង​នូវ​ការ​ឈឺ​ក្បាល​ពី​ការ​រងបរាជ័យ​ក្នុង​ក្របខ័ណ្ឌ La Liga របស់​ពួកគេ​ក្នុង​ពេល​ប្រកួត​​នៅ​កីឡដ្ឋាន Bernabeu​។ រូប​គេ​បាន​ប្រាប់​គេហទំព័រ​របស់​ក្លិប​ថា៖ «ការ​ប្រកួត​នេះ​គឺ​មាន​លក្ខណៈ​​ខុស​គ្នា​។ សម្រាប់​អ្នក​​គាំទ្រ​របស់ Real វា​ពិតជា​មាន​ន័យ​ណាស់​»​។

Schalke បាន​រងបរាជ័យ​​យ៉ាង​ចាស់ដៃ​​ក្រោម​ស្នាដៃ​របស់​ក្រុម Real ក្នុង​វគ្គ​ដូច​គ្នា​នេះ​​ក្នុង​យុទ្ធនាការ​​កាលពី​រដូវកាល​មុន ក្រោយពី​បាន​ចាញ់​ទាំង​ពីរ​ជើង ៩-២។

Post a Comment

 
Top