GuidePedia

0
លោក Pep Guardiola​មិនដែល​ពេញចិត្ត​ម្តង​ណា​ឡើយ​នឹង​លទ្ធផល​ក្រុម​របស់​គាត់ ជាក់ស្ដែង​ដូចជា​នៅថ្ងៃនេះ គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​ម្នាក់​នេះ បាន​ទាមទារ​ឲ្យ​លេង​ល្អប្រសើរ​ជាង​នេះ​នៅ​ខ្សែប្រយុទ្ធ​របស់​ក្រុម ​Bayern Munich​ថ្វីត្បិតតែ​ពួកគេ​រក​​បាន​៦​គ្រាប់​ជា​មធ្យម​អំឡុង​១​ប្រកួត​ពី​ជ័យជំនះ​នៅ​៣​ប្រកួត​ចុងក្រោយ​គេ​របស់ខ្លួន​ក៏ដោយ។


ក្រុម​កំពូល​តារាង Bundesliga​មួយ​នេះ សម្រេច​បាន​ជោគជ័យ​ទាំង​៣​ប្រកួត​ជាមួយ​នឹង​លទ្ធផល​គួរ​ឲ្យ​ចាប់អារម្មណ៍​៤-០ ៦-១ និង​៨-០ ប៉ុន្តែ​បន្ទាប់ពី​យក​ឈ្នះ​ក្រុម Eintracht Braunschweig២-០ នៅ​ការប្រកួត Cup ​លោក Pep Guardiola បាន​​ទទូច​សុំ​ឲ្យ​កីឡាករ​របស់​គាត់ ពង្រឹង​សមត្ថភាព​លេង​របស់​ពួកគេ​បន្ថែមទៀត​។​

លោក​បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា យើង​ដាច់ខាត​ត្រូវតែ​លេង​ឲ្យ​បាន​ខ្លាំងក្លា​ជាង​នេះ​ថែម​មួយ​កម្រិត​ទៀត នៅ​ខ្សែ​ការពារ យើង​ធ្វើ​បាន​ហើយ ប៉ុន្តែ​សម្រាប់​ខ្សែប្រយុទ្ធ​វិញ​នៅ​ទន់ជ្រាយ​បន្តិច។

លោក​បាន​បន្តទៀតថា ជា​ការ​ពិត​ណាស់​ថា ថ្មីៗ​នេះ យើង​លេង​បាន​ល្អ​ខ្លាំង​ណាស់ យើង​មានឱកាស​រក​បាន​គ្រាប់​បាល់​ច្រើន ប៉ុន្តែ​បាល់ទាត់​វា​មិន​បញ្ចប់​ត្រឹមហ្នឹង​នោះ​ទេ ពីព្រោះ​ថា មាន​ក្រុម​ជាច្រើន​ទៀត​ដែល​កំពុង​លេង​ល្អ​ជាង​យើង។ ដូច្នេះ​ហើយ ជំហាន​បន្ទាប់​យើង​ត្រូវ​ដើរ គឺ​ធ្វើ​យ៉ាងណា​លេង​ឲ្យ​ល្អ​បំផុត​នៅ​ខ្សែប្រយុទ្ធ ដើម្បី​អាច​មាន​ឱកាស​រក​គ្រាប់​ច្រើន​បន្ថែម​ទៀត​។​


សូមបញ្ជាក់ថា ប​ច្ចុប្បន្ន ក្រុម Bayern Munich​មាន​៨​ពិន្ទុ​នាំ​មុខគេ​ដាច់ ឈរ​នៅ​លើ​កំពូល​តារាង​បាល់ទាត់​ក្នុងស្រុក ហើយ​នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម ​Shakhtar Donetsk​នៅ​ការប្រកួត​ Champions League នា​ថ្ងៃ​ទី​១១​ ខែមីនា​ខាងមុខនេះ​៕

Post a Comment

 
Top