GuidePedia

0
ពាន​រង្វាន់​បាល់ទះ​ធំ​ប្រចាំ​ឆ្នាំ ដែល​ចាយ​ប្រាក់​អស់​ទៅ ៨៨.០០០.០០០ រៀល​ឈ្មោះ​ថា Leo Cup National Volleyball 2015 បាន​ចាប់​ផ្ដើម​ដំណើរការ​រដូវកាល​ថ្មី​​របស់​ខ្លួន​ហើយ ដោយ​ចាប់​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូល​ពី​ថ្ងៃ​ទី ១០ មីនា ដល់ ៣១ ឧសភា និង វគ្គ​ជុំ​ផ្ដាច់ព្រ័ត្រ ពី​ថ្ងៃ​ទី ៧ ដល់ ១៨ កក្កដា ឆ្នាំ ២០១៥។

ពាន​រង្វាន់ Leo Cup National Volleyball 2015


យោង​តាម​សន្និសីទ​សារព័ត៌មាន​នៅ​សណ្ឋាគារ​ណាហ្គាវើល នៅ​ល្ងាច​ម្សិលមិញ ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូល​នៅ​តែ​បន្ត​ធ្វើ​ឡើង​នៅ ៥ មណ្ឌល​ដូច​ឆ្នាំ​ចាស់​ដដែល ដោយ​មាន មណ្ឌល​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្ត​កំពង់ចាម ខេត្ត​បាត់ដំបង និង ខេត្ត​សៀមរាប។ ចំណែក​ជុំ​ផ្ដាច់ព្រ័ត្រ ធ្វើ​ឡើយ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្រោយ​រក​ឃើញ​ក្រុម​ខ្លាំង​​បាន​ចំនួន ១០ មក​ពី​តាម​មណ្ឌល​នីមួយៗ រួច​រាល់។

ក្រុម​ខ្លាំង​ចំនួន ៦ កាល​ពី​ឆ្នាំ​ចាស់​មាន ១.សសយក ព្រៃវែង ២.ក្រសួងមហាផ្ទៃ ៣. ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ៤. កងពលតូចលេខ៣១ការពារឆ្នេរ ៥.សាលាខេត្ត​កំពង់ចាម ៦.កងពលអន្តរាគម៍​លេខ៣​ខេត្ត​ព្រះវិហារ មាន​កៅអី​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ជា​ស្រេច។

លោក បឹង គឹមតោ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា លើក​ឡើង​ថា សម្រាប់​វគ្គ​ជម្រុះ​តាម​មណ្ឌល ក្រុម​ដែល​ដាក់​ពាក្យ​ចំនួន ៨ មុន​នឹង​ហើយ​មាន​ឯកសារ​ត្រឹមត្រូវ នឹង​មាន​អាទិភាព។ តាម​មណ្ឌល​នីមួយៗ នឹង​ចែកជា ២ ក្រុម​ ហើយ​ក្រុម​ខ្លាំង​ចំនួន ២ នឹង​ឡើង​ទៅ​វគ្គ​បន្ទាប់។

លោក​បន្ត​ថា​នៅ​ជុំ​ផ្ដាច់ព្រ័ត្រ​​នេះ​ចែកជា ២ ទៀត​គឺ ក្របខណ្ឌA និង ក្របខណ្ឌ B។ ក្របខណ្ឌ A មាន​ក្រុម​ដែល​ឈរ​ចាំ​ទាំង ៦ ខាង​លើ ចំណែក​ក្រប​ខណ្ឌ B នឹង​តម្រូវ​ឱ្យ​ក្រុម​ទាំង ១០ ឡើង​ពី​វគ្គ​ជម្រុះ​ចែក​គ្នា​ជា ២ ពូល ប្រកួត​​ស្វែង​រក​ក្រុម​ខ្លាំង​ពី​ឡើង​ទៅ​លេង​នៅ​ក្របខណ្ឌ A ហើយ​ក្រុម​ដែល​ធ្លាក់​ត្រូវ​ប្រកួត​ដណ្ដើម​ពាន​មួយ​ទៀត​នៅ​ក្របខណ្ឌ B។

ដំណាល​គ្នា​នេះ​ដែរកញ្ញា កាន់ជិត ភាវផាន់ឈូ ប្រធាន​ផ្នែក​យុទ្ធសាស្រ្ត​ទីផ្សា​របស់​ក្រុមហ៊ុន​ស្រាបៀលីអូ បាន​ថ្លែង​អំណរ​គុណ​ដល់​សហព័ន្ធ​ដែល​ព្រម​ចាប់​ដៃ​ជាមួយ​ក្រុមហ៊ុន រៀបចំ​ព្រឹត្តិការណ៍​នេះ​ដើម្បី​អភិវឌ្ឍន៍​បាល់ទាត់​ថ្នាក់​ជាតិ​ឱ្យ​កាន់​តែ​រីកចម្រើន និង​ឆ្ពោះ​ទៅ​កាន់​អន្តរជាតិ ថែម​ទៀត។

ក្នុង​ឱកាស​នោះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​លើក​ឡើង​ថា ការ​អភិវឌ្ឍន៍​​កីឡា​ជាតិ មិន​អាច​ដាច់​ឆ្ងាយ​ពី​ក្រុមហ៊ុន​ឯកជន​បាន​នោះ​ទេ ដោយ​ភាគី​ទាំង ២ ទាញ​យក​ផលប្រយោជន៍​​ពី​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​នោះ​វិស័យ​កីឡា​ចំណាយ​ពី​ការ​ឧបត្ថម្ភ​យក​ទៅ​អភិវឌ្ឍន៍​ជំនាញ​របស់​ខ្លួន ហើយ​ក្រុមហ៊ុន​ឯកជន​ចំណេញ​ក្នុង​ការ​បង្ហាញ​ស្លាកយីហោ​របស់​​ខ្លួន​វិញ។

Leo Cup National Volleyball ឆ្នាំមុន


សម្រាប់​ប្រាក់​រង្វាន់​វិញ ក្រុម​ជើង​ឯក​ក្របខណ្ឌ A ទទួល​បាន​ទឹក​ប្រាក់ ៤០ លាន​រៀល លេខ ២ បាន ១២ លាន​រៀល លេខ ៤ ចំនួន ៨ លាន​រៀល និង លេខ៤ បាន ៤ លាន​រៀល។ ចំណែក​ជើង​ឯក​ក្របខ័ណ្ឌ​ B វិញ​នឹង​ទទួល​បាន ទឹក​ប្រាក់ ១២ លាន​រៀល លេខ ២ ចំនួន ៦ លាន​រៀល លេខ ៣ ចំនួន ៤ លាន​រៀល និង លេខ ៤ បាន ២ លាន​រៀល។

ចំពោះ​ក្រុម​ដែល​ចង់​ដាក់ពាក្យ​ចូលរួម​ប្រកួត​សូម​ទាក់ទាង​ទៅ​កាន់​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា តាម​លេខ ០១២ ៧៩៨ ៥០៤ /០១៦ ៩៥៨ ៥៥៧ ឬ តាម​អ៊ីម៉ែល cambvolleyball@gmail.com៕

Post a Comment

 
Top