ការដឹកនាំក្រុម Real Sociedad របស់លោក David Moyes ធ្វើដំណើរទៅសួរសុខទុក្ខ Real Madrid ដល់ទឹកដី Bernabeu បានត្រឹមត្រលប់ទៅផ្ទះវិញជាមួយភាពបរាជ័យ ក្រោយចាញ់យ៉ាងចាស់ដៃដោយលទ្ធផល ៤-១ កាលពីយប់មិញនេះ ក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ La Liga។ ក្រុមម្ចាស់ផ្ទះ ទទួលភ្ញៀវដោយគ្មានខ្សែប្រយុទ្ធម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ២០១៤ កីឡាករសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ដោយសារជាប់ពិន័យកាតក្រហម អំឡុងពេលប្រកួតជាមួយក្រុម Córdoba។ បើកឆាកដំបូងត្រឹម ៣៨វិនាទីប៉ុណ្ណោះ កីឡាករ Aritz Elustondo តែតបញ្ចូលទី Real Madrid ធ្វើឲ្យ ក្រុមលោក David Moyes ដែលធ្លាប់យកឈ្នះ Barcelona កាលពីដើមខែមករាកន្លងទៅ ហាក់មានទឹកមាត់លេបបន្តិច។ យ៉ាងណាក្ដី ភាពរីករាយបានកើតឡើងត្រឹមមួយចម្អិនកំពឹសប៉ុណ្ណោះ ក្រោយខ្សែបម្រើសញ្ជាតិកូឡុំប៊ី James Rodriguez តែតសងភ្លាមៗនៅនាទីទី៣ ធ្វើឲ្យ Real Madrid តាមស្មើវិញ និងបន្ថែមមួយគ្រាប់ទៀត នៅនាទីទី៣៧ ដោយកីឡាករ Sergio Ramos បញ្ចប់តង់ទីមួយដោយលទ្ធផល ២-១។ចូលដល់តង់ទី២ ក្រុមលោក Carlo Ancelotti នៅតែដាក់សម្ពាធទៅលើក្រុមភ្ញៀវយ៉ាងខ្លាំង ទាំងការគ្រប់គ្រងបាល់ ទាំងការស៊ុតសំដៅសំណាញ់ទី រហូតបន្ថែមបានពីរគ្រាប់ទៀតដោយខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema នៅនាទីទី ៥២ និង ៧៦។ លទ្ធផលនេះ បានបន្តរហូតដល់ចប់ការប្រកួត ខណៈគេមើលឃើញថាខ្សែប្រយុទ្ធ Gareth Bale បានបាត់បង់ឱកាសមាសជាច្រើន និងមិនអាចរកគ្រាប់បាល់ទី១៤ សម្រាប់ Real Madrid រដូវកាលនេះ៕
Post a Comment