ខ្សែបម្រើ Lucas Silva បានបង្ហាញខ្លួនជាផ្លូវការហើយឱ្យ Real Madrid ក្នុងតម្លៃខ្លួនផ្ទេរ ១១,៥លានផោន (១៧,៣លានដុល្លារអាមេរិក) ពីក្លិប Cruzeiro របស់ប្រទេសប្រេស៊ីល និងសង្ឃឹមថាបានចូលលេងនៅចុងសប្ដាហ៍នេះពេល Real Madrid ប៉ះ Real Sociedad ។
ក្នុងការបង្ហាញខ្លួននេះដែរ ខ្សែបម្រើវ័យ២១ឆ្នាំបាននិយាយថា៖ “នេះសុបិនក្លាយជាការពិតដែលបានមកលេងនៅ Real Madrid ហើយពេលនេះគឺខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងបានត្រៀមខ្លួនរួចរាល់ហើយក្នុងការពាក់ឯកសណ្ឋាន Real Madrid ដើម្បីចូលទីលានប្រកួត”។
Silva នឹងពាក់អាវលេខ១៦ ហើយរូបគេសង្ឃឹមថានឹងអាចបង្ហាញខ្លួនក្នុងប្រកួតដំបូងដែល Real Madrid ប៉ះ Real Sociedad ព្រោះកីឡាករ Cristiano Ronaldo រងពិន័យមិនបានចូលលេងនោះទេ។
Lucas Silva ជាយុវជនឆ្នើមម្នាក់របស់ក្រុម Cruzeiro ដែលទើបបានបង្ហាញខ្លួននៅឈុតធំឆ្នាំ២០១២ ហើយរយៈពេល២-៣ឆ្នាំនេះដែរ រូបគេអាចជួយក្លិបមួយនេះឈ្នះពានរង្វាន់៣ដែរគឺ Campeonato Brasileiro Serie A ២ដងនិង Campeonato Mineiro ម្ដង ។ មុននឹងមក Real Madrid នេះដែរ កីឡាករជម្រើសជាតិប្រេស៊ីលរូបនេះក៏មានទំនាក់ទំនងខ្លាំងជាមួយ Arsenal ដែរ តែចុងបញ្ចប់រូបគេក៏ជ្រើសរើសយកលោក Carlo Ancelotti។ មួយវិញទៀតកុងត្រាតម្លៃខ្លួន១១,៥លានផោននេះគឺរូបគេនឹងត្រូវនៅ Bernabeu រហូតដល់ឆ្នាំ២០២០ឯណោះ៕
Post a Comment