អ្នកចាត់ការក្រុម Chelsea លោក Jose Mourinho បានបង្ហើបឲ្យដឹងថាលោកនឹងរុះរើក្រុមជាថ្មីម្ដងទៀត បន្ទាប់ពីក្រុមរបស់លោកបរាជ័យយ៉ាងអាម៉ាស់ក្នុងការប្រកួត FA Cup កាលពីថ្ងៃសៅរ៍កន្លងទៅ។
ក្រុមតោខៀវ បានធ្លាក់ចេញពីពានរង្វាន់ FA Cup ក្នុងទឹកដីខ្លួនឯង ដោយប្រកួតចាញ់ក្រុម Bradford មកពី League One ខណៈដែលពួកគេនាំមុខ ២-០ ទៅហើយ ប៉ុន្តែត្រូវក្រុមមកពីលីកលំដាប់ទី៣មួយនេះ ធ្វើការវាយបកយកឈ្នះ ៤-២ វិញ។
បុរសវ័យ៥២ អាចនឹងធ្វើការជម្រុះចេញកីឡាកររាយរងច្រើនរូប នៅខែមករានេះ បន្ទាប់ពីរូបលោកមិនពេញចិត្តពីទម្រង់លេងរបស់ពួកគេ។
លោកបាននិយាយថា៖ «ឥឡូវអ្នករាល់គ្នា ប្រាកដជាយល់ច្បាស់ហើយថា ហេតុអ្វីបានជាខ្ញុំដាក់កីឡាករដដែលៗ ឲ្យលេងគ្រប់ការប្រកួត។ ព្រោះតែខ្ញុំមិនចង់ឃើញលទ្ធផលខកចិត្ត និងការលេងមិនបានល្អដូចនេះ ហើយខ្ញុំនឹងធ្វើការផ្លាស់ប្ដូរអ្វីៗ ជាច្រើនទៀត»។
កីឡាករ Mohammed Salah និង Andre Schurrle កំពុងតែប្រុងប្រៀបចាកចេញ ខណៈដែល Salah អាចនឹងឲ្យក្លិប Roma ខ្ចីជើង រីឯSchurrle អាចនឹងទៅកាន់ក្លិប Wolfsburg ។
ចំណែកឯកីឡាករបម្រុងមួយចំនួនដូចជា Didier Drogba, Ramires, Loic Remy, John Obi Mikel, Petr Cech និង Kurt Zouma ក៏ស្ថិតក្នុងបញ្ជីជម្រុះចេញរបស់លោក Mourinho ដែរ៕
Post a Comment