GuidePedia

0
ក្រុម​​បាល់ទាត់​យុវជន​ឃុំ​គ​បាន​ក្លាយ​ជា​ជើង​ឯក​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់​យុវជន​ខេត្ត​ត្បូង​ឃ្មុំ​ដែល​បាន​រៀប​ចំ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ម្សិល​នៅ​ទី​លាន​បាល់ទាត់​វិទ្យាល័យ ហ៊ុន សែន​សួង ក្រុង​សួង ខេត្ត​ត្បូង​ឃុំ​ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​អធិបតី និង​ឧបត្ថម្ភ​ដោយ​លោក​ ស៊ាន បូរ៉ាត រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។ កម្មវិធី​នេះ​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​សិស្ស​ និស្សិត​កម្ពុជា ​រួម​ទាំង​មន្ទីរអប់រំ​ យុវជន​ និង​កីឡា​ខេត្ត​ត្បូង​ឃ្មុំ។



ការ​ប្រកួត​ក្រោម​ក្រសែ​ភ្នែក​អ្នក​ទស្សនា​​រាប់​រយ​​នាក់​សម្រាប់​វគ្គ​ផ្តាច់​ព្រ័ត្រ​រវាង​ក្រុម​យុវជន​ឃុំ​ គ​ និង​ក្រុម​យុវជន​មេមត់​នា​រសៀល​ថ្ងៃ​អាទិត្យ ទី​៤ ខែ​មករា ម្សិល​មិញ​ កីឡាករ​ សាន់ សាលីម​ ជា​អ្នក​ទម្លាយ​សំណាញ់​ទី​មុន​គេ​ឲ្យ​ក្រុម​យុវជនឃុំ គ​នាំ​មុខ​១-០​នៅ​នាទី​ទី​១៥។ តង់​ទី​១​ជិត​ចប់​ទៅ ហើយ​កីឡាករ​លេខ​១៧​ សុះ ម៉ាត់​ របស់​ក្រុមយុវ​ជនឃុំ គ រក​បាន​១​គ្រាប់​ទៀត​ដើម្បី​នាំ​មុខ​២-០ក្នុង​តង់​ទី​១។


សម្រាប់​តង់​ទី២ ក្រុម​ទាំង​២​បន្ត​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​ ប៉ុន្តែ​មិន​មាន​ក្រុម​ណា​មួយ​មាន​ឱកាស​បំប៉ោង​សំណាញ់​គូ​ប្រកួត​ទេ ។ ចប់​ការ​ប្រកួត យុវជន​ឃុំ​គ​ឈ្នះ​ក្រុម​យុវជន​មេមត់​​ដោយ​លទ្ធផល​២-០។

ក្នុង​ពិធី​ប្រគល់​រង្វាន់​លោក​ ស៊ាន បូរ៉ាត រដ្ឋ​លេខាធិការ​ក្រសួង អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​សិស្ស​ និស្សិត​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​នេះ​រៀប​ចំ​ឡើង​ដោយ​មាន​គោល​បំណង​​ផ្តល់​ឱកាស​ដល់​យុវជន​ឲ្យ​បាន​ជួប​ជុំ​គ្នា សាមគ្គីភាព មិត្តភាព ជំរុញ​ការ​សិក្សា និង​ជា​ពិសេស​បណ្ដុះ​វប្បធម៌​កីឡា​ក្នុង​ខ្លួន​យុវជន ព្រម​ទាំង​អបអរសាទរ​ទិវា​ជ័យជម្នះ​៧​មករា។

ចំណាត់​ថ្នាក់​លេខ​១ ក្រុម​​ក្រុម​យុវជន​ឃុំ​ គ​ ដោយ​ទទួល​បាន​ពាន​ជ័យលាភី១ ទង់​ជ័យលាភី១​ ថវិកា ២លាន​រៀល​ និង​បាល់ចំនួន៦គ្រាប់ ។ ចំណាត់​ថ្នាក់​លេខ​២​បាន​ទៅ​លើ​ក្រុម​យុវជន​មេមត់​ទទួល​បាន​ទង់​ជយលាភី​១ ថវិកា​១លាន​រៀល​ និង​បាល់​ចំនួន​៥​គ្រាប់។ ចំណាត់​ថ្នាក់​លេខ​៣​បាន​ទៅ​លើ​ក្រុម​យុវជន​ក្រុម​យុវជន​សម្ព័ន្ធ​គណៈកម្មាធិការ​សម្របសម្រួល​និសិ្សត​ បញ្ញវ័ន្ត​កម្ពុជា​ទទួល​បាន​ថវិកា​ចំនួន​៦​សែន​រៀល​ និង​បាល់​ចំនួន​៤​គ្រាប់។ ក្រុម​ដែល​មិន​ទទួល​ចំណាត់​ថ្នាក់​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​២​សែន​រៀល​ និង​បាល់​ចំនួន​៣​គ្រាប់​ដែរ។



ការ​ប្រកួត​ដែល​រៀប​ចាប់​ផ្តើម​​តាំង​ពី​ថ្ងៃ​ទី​២ ខែមករា​ ឆ្នាំ​២០១៥​​មាន​ក្រុម​ចូល​រួម​ចំនួន​៩​ និង​ចែក​ចេញ​ជា​២​ពូល​គឺ​ ពូល«ក» មាន​ក្រុម​យុវជន​រកា​ប្រាំ ក្រុម​យុវជន​មេមត់​ ក្រុម​យុវជន​កៀន​រមៀត​ និង​ក្រុម​យុវជន​កង​ពល​លេខ​២១​ ខណៈ​ពូល«ខ»​មាន​ក្រុម​យុវជន​វិទ្យាល័យ​សម្តេចតេជោ​ហ៊ុន​ សែន​ ២ ក្រុម​យុវជន​ ឃុំ​ គ​ ក្រុម​យុវជន​ តោខ្មៅ​ក្រុង​សួង​ ក្រុម​យុវជន​ទួល​ពន្លៃ និង​ ក្រុម​យុវជន​សម្ព័ន្ធ​គណៈកម្មាធិការ​សម្រប​សម្រួល​និសិ្សត​ បញ្ញវ័ន្តកម្ពុជា៕

Post a Comment

 
Top