GuidePedia

0
អ្នក​ប្រដាល់​ជើង​ខ្លាំង វ៉ន វីវ៉ា ​បាន​ផ្តួល​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ ​ជា រ៉ាសាក់ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤​សម្រាប់​ការ​ប្រកួត​របស់​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​តាម​ខេត្ត​ដែល​រៀប​ចំ​ការ​ប្រកួត​នៅ​ក្រុង​ប៉ោយប៉ែត​កាល​ពី​យប់​មិញ។

មុន​វាយ​ដៃ​គូ​ឲ្យ​សន្លប់​ អ្នក​ប្រដាល់​កម្ពុជា​រូប​នេះ​គ្រប់​គ្រង​ស្ថានភាព​ប្រកួត​បាន​យ៉ាង​​ល្អ ​ដោយ​សារ​មាឌ និង​កម្ពស់​របស់​គេ​មាន​អំណោយ​ផល​​ជាង​ ខណៈ​អ្នក​លេង​ឆ្លង​ដែន​ថៃ ជា រ៉ាសាក់​ មាឌ​តូច និង​ទាប​ជាង​ដែល​ពិបាក​វាយ​ចូល​វីវ៉ា។



ក្នុង​ទឹក​ទី​៤ អ្នក​ប្រដាល់​ថៃ​រូប​នេះ​បាន​ព្យាយាម​វាយ​សម្រុក​យ៉ាង​ខ្លាំង​ដែល​ផ្គើន​ឲ្យ​ វ៉ន វីវ៉ា ​ឆ្លើយ​​តប​ភ្លាម​ៗ​រហូត​វាយ​ត្រូវ​មួយ​កែង​បណ្តាល​ ជា រ៉ាសាក់​ ដូល​ត្រូវ​បាន​លោក​អាជ្ញា​កណ្តាល​រាប់​៨។ ក្រោយ​ពេល​រាប់​៨ វ៉ន វីវ៉ា​បាន​ប្រើ​កណ្តាប់​ដៃ​ផ្ទួន​ៗ​បណ្តាល​ឲ្យ​សន្លប់​តែ​ម្តង។

ទោះ​ជា​យ៉ាង​ណា​សម្រាប់​ការ​ប្រកួត​៣​ទឹក​ដំបូង វ៉ន វីវ៉ា​ ហាក់​វាយ​ចេញ​មិន​សូវ​ពេញ​ដៃ​ជើង​ទេ ខណៈ​ដៃ​គូ​ក៏​វាយ​ចេញ​ធម្មតា​ដែរ​នោះ។ និយាយ​ពី​ការ​ផ្គូផ្គង​វិញ​ វ៉ន វីវ៉ា និង​ ជា រ៉ាសាក់​ អាច​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មិន​ពេញ​ចិត្ត​ដោយ​សារ​​មាឌ និង​កម្ពស់​ខុស​គ្នា។

នេះ​ជា​ការ​ប្រកួត​លើក​ទី​មួយ​របស់ វ៉ន វីវ៉ា និង​បាន​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​តែ​ម្តង ​បន្ទាប់​ពី​បាន​រៀប​ការ​ជា​មួយ​កីឡា​ការិនី ស៊ន ដាវីន។ ល្ងាច​មិញ​ដែរ​មុន​ការ​ប្រកួត​ភរិយា​របស់​គេ​បាន​ជូន​ពរ និង​ផ្តល់​កម្លាំង​ចិត្ត​ថា ៖«ស៊ូ ស៊ូ ស៊ូ សូមឲ្យ​លោក​ប្ដី​ទទួល​បាន​ជោគជ័យ​សុវត្ថិភាព​គ្រប់​ពេល…អ្វី​ៗ​គឺ​ស្ថិត​នៅ​លើ​បង​ អូន​នឹង​នៅ​ផ្ដល់​កម្លាំង​ចិត្ត​ពី​ក្រោយ​ទោះ​បី​មាន​មតិ​រិះ​គន់​មួយ​ចំនួន​ថា​ដៃ​គូ​បង​ខ្សោយ​ចាញ់​ប្រៀប…តែ​បង​នៅ​តែ​ខ្លាំង​សម្រាប់​ប្រពន្ធ​ម្នាក់​នេះ​ (ស្រលាញ់​ត្រង់​បង​ស៊ូ)។

ចំណែក​ពីរ​គូ​ផ្សេង​ទៀត ផាន់ គ្រាន់​ ធ្វើ​បាន​យ៉ាង​ល្អ​ដើម្បី​ឈ្នះ​ពិន្ទុ​ ទោះ​ជា​កីឡាករ​​ថៃ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​ ឈាន ហុង ​វិញ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​វេទនា​ភ្នែក​មិន​ស្ទើរ​ទេ​ដោយ​សារ​ប្រកួត​បែរ​ខ្នង​រហូត​ដែល​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​ថៃ​វ៉ៃ​តាម​អំពើ​ចិត្ត​រហូត​ឈ្នះ៕ វ៉ន វីវ៉ា vs ជា រ៉ាសាក់

Post a Comment

 
Top