GuidePedia

0
អ្នក​លេង​ក្បាច់​ចម្រុះ​កម្លាំង​ខ្លាំង​វ័យ​ក្មេង អ៊ំ ចំរើន ​បាន​បំបាក់​ជើង​ខ្លាំង​ថៃ​ឲ្យ​បោះ​បង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៤ ខណៈ​អ្នក​ប្រើ​កណ្តាប់​ដៃ ពេជ្រ សីហា ​បាន​ត្រឹម​ស្មើ​អ្នក​ប្រដាល់​ថៃ Lukchapachai សម្រាប់​ការ​ប្រកួត​មិត្ត​អន្តរជាតិ​ខ្មែរ-ថៃ​កាល​ពី​យប់​មិញ​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ។



ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ទាំង​ពីរ​ពិត​ជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​​អ្នក​ទស្សនា​ដោយ​កីឡាករ​ថៃ​ទាំង​ពីរ​មិន​មែន​ជា​អ្នក​លេង​ក្បាច់​គុន​សេរី​ធម្មតា​នោះ​ទេ។ គូ​ទី​មួយ​អ្នក​ប្រើ​ជង្គង់​ឥត​ស្រមោល​ថៃ Kolab បាន​ព្យាយាម​វាយ​សម្រុក​លើ​ អ៊ំ ចំរើន ​យ៉ាង​ខ្លាំង​តាម​រយៈ​ជង្គង់ និង​ទាត់ ព្រម​​ជា​មួយ​នឹងការ​វាយ​​កែង​ដ៏​មុត​ស្រួច​ផង​ដែរ។

ទោះ​ជា​អាវុធ​របស់​កីឡាករ​ថៃ​ម្នាក់​នេះ​មើល​ទៅ​សាហាវ​គួរ​សម ប៉ុន្តែ​មិន​អាច​ធ្វើ​ព្យុះ​ភ្លៀង​លើ​អ្នក​ប្រដាល់​វ័យ​ក្មេង​កម្ពុជា​បាន​ទេ។ ផ្ទុយ​ទៅ​វិញ អ៊ំ ចំរើន​ វាយ​បាន​យ៉ាង​ល្អ​ដោយ​កណ្តាប់​ដៃ និង​កែង​ផ្ទួន​ៗ​ដែល​បាន​ធ្វើ​កីឡាករ​ថៃ​បាក់​កម្លាំង​ខ្លាំង​រហូត​ដល់​បោះ​បង់​ការ​ប្រកួត​ត្រឹម​ទឹក​ទី​៤​។ ជ័យជម្នះ​នេះ​ផ្តល់​ឲ្យ​អ៊ំ ចំរើន​មាន​កំណត់​ត្រា​ដ៏​ល្អ​​សម្រាប់​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​របស់​ខ្លួន​លើក​ដំបូង។

សម្រាប់​ជើង​ខ្លាំង​ថៃ Lukchapachai មិន​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ដូច​កាល​មក​អង្រួន​សង្វៀន​កម្ពុជា​លើក​ដំបូង​ផ្តួល​ឯម ខ្លឹមខ្មៅ​ ក្នុង​ទឹក​ទី​៣​នោះ​ទេ​ ប៉ុន្តែ​ក៏​មិន​អាក្រក់​ដែរ​សម្រាប់​រូប​គេ​ដោយ​ប្រកួត​ស្មើ​នឹង​អ្នក​ប្រើ​កណ្ដាប់​ដៃ​ពេជ្រ សីហា។ ​ជើង​ខ្លាំង​កម្ពុជា​រូប​នេះ​ពូកែ​វាយ​កណ្តាប់​ដៃ ប៉ុន្តែ​លើក​នេះ​ចេញ​​កែង​រូស​​បាន​យ៉ាង​ល្អ​ ខណៈ​ជើង​ខ្លាំង​ថៃ​ព្យាយាម​ឡើង​ជង្គង់ និង​ទាត់។ ឆ្លង​កាត់​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​ទាំង​៥​ទឹក អ្នក​ទាំង​ពីរ​បាន​លទ្ធផល​ត្រឹម​ស្មើ​គ្នា៕

Post a Comment

 
Top