អតីតអ្នកប្រដាល់ដែលមានឈ្មោះបោះសំឡេងក្នុងពិភពក្បាច់គុនប្រដាល់ខ្មែរ ពេជ្រ សុផាន់ ត្រៀមចូលរោងជ័យនៅថ្ងៃ ៨ ខែ មីនា ឆ្នាំ ២០១៥ ខាងមុខជាមួយអាជីវករម្នាក់ក្រោយ យល់ចិត្តថ្លើមគ្នាអស់ពេលជាង ៤ ឆ្នាំ។
ពេជ្រ សុផាន់ បង្ហាត់សិស្សនៅក្លិបក្រសួងការពារជាតិ
កូនកំឡោះបានប្រាប់ Sabay ថាអាពាហ៍ពិពាហ៍របស់ខ្លួននឹងធ្វើឡើងនៅគេហដ្ឋានខាងស្រីម្ដុំពោធិចិនតុង។ អនាគតភរិយា របស់ សុផាន់ ឈ្មោះ ចន្តា រកស៊ីជាងអ៊ុតសក់។ ចំណែកបុរសវ័យ ៣០ ប្លាយរូបនេះ ប្រកបអាជីពជាគ្រូជំនួយក្លិបប្រដាល់ក្រសួងការពារជាតិ និង ជាអាជ្ញាកណ្ដាលប្រចាំសង្វៀនប្រដាល់ប៉ុស្ដិ៍បាយ័ន ផងដែរ។
បើគិតទាំងការប្រកួតនៅលើសង្វៀនស្ថានីយទូរទស្សន៍ តាមខេត្ត តាមជាយដែនថៃ និងនៅក្រៅប្រទេស ពេជ្រ សុផាន់ ធ្លាប់ប្រកួតបានជាង៤០០ដង ហើយធ្លាប់ចាញ់តែជាង២០ដងទេ។ តែយ៉ាងណាក៏ដោយរូបគេនៅស្ទាក់ស្ទើរចំពោះអនាគតកូនរបស់ខ្លួនថានឹងអនុញ្ញាតឱ្យដើរលើផ្លូវជាអ្នកប្រដាល់ ឬ យ៉ាងណា។
ពេជ្រ សុផាន់ និង អនាគតភរិយា
អនាគតភរិយារបស់សុផាន់ មិនចូលចិត្តអ្នកប្រដាល់ទេ ម៉្លោះហើយទើបរូបគេរារែកចិត្ត បើសិនជាមានកូនចង់ឱ្យរកស៊ី ឬ ធ្វើការ ច្រើនជាងធ្វើជាអ្នកប្រដាល់។
សុផាន់ បន្ថែមថា៖ «អ្នកប្រដាល់ស្រុកយើងខ្សោយការអប់រំ ឆាប់ជឿតាមគេអូសទាញ។ ជួនការខំប្រឹងកសាងកេរ្តិ៍ឈ្មោះតាំងពីដើមអើយមក តែដល់ពេលមានរឿងអន់ចិត្តបន្តិច ធ្វើរលាយសូរ្យអស់។ ទោះជាចង់ស្ដារឡើងវិញក៏មិនដូចដើមដែរ»។ ប៉ុន្ដែលោកក៏មិនហាមឃាត់ដែរ ប្រសិនបើកូនមាននិស្ស័យចង់ប្រលូកក្នុងពិភពក្បាច់ប្រដាល់។
ពេជ្រ សុផាន់ មានស្រុកកំណើតមកពីខេត្តតាកែវ ជាបងប្រុសបង្កើតកីឡាករប្រដាក់ ពេជ្រ សីហា ចាប់អាជីពជាអ្នកប្រដាល់តាំងពីឆ្នាំ ១៩៩៩ ហើយសម្រេចព្យួរហ្គង់ នៅឆ្នាំ ២០០៩៕
Post a Comment