ប្រធាន World Taekwondo Peace Corps គឺលោក Kim Ki Woong បានចាប់អារម្មណ៍ជាខ្លាំងចំពោះការហ្វឹកហាត់នៃអ្នកតេក្វាន់ដូវ័យក្មេងរបស់កម្ពុជា។ ជាមួយនឹងចំណាប់អារម្មណ៍នេះនៅព្រលប់ថ្ងៃទី២៧មករាលោក Kim Ki Woong បានមកទស្សនាការហ្វឹកហាត់របស់អ្នកតេក្វាន់ដូវ័យក្មេងកម្ពុជានៅមជ្ឈមណ្ឌលតេក្វាន់ដូប៊ូយ៉ុងក្នុងពហិកីឡដ្ឋានជាតិអូឡាំពិក ។ លោកគង់ សក្ខិដាដែលជាអគ្គលេខាខេមរសហព័ន្ធតេក្វាន់ដូស្ទីល W.T.F(World Taekwondo Federation) ដែលជាស្ទីលរបស់កូរេខាងត្បូងនោះបានឲ្យដឹងថាអ្នកហ្វឹកហាត់គឺមានចាប់ពីអាយុ៥ ឆ្នាំឡើងទៅហើយក៏មានមួយចំនួនតូចអាយុក្រោម៥ឆ្នាំដែរ ។ លោកជ្រិន សុធាអនុប្រធានខេមរសហព័ន្ធតេក្វាន់ដូក៏បានបញ្ជាក់ដែរថាសហព័ន្ធរបស់លោកបានចេញដំណើរជាមួយនឹងថ្នាលថ្មីៗបែបនេះប្រមាណជាងមួយឆ្នាំមកហើយៗជារៀងរាល់ខែតែងតែមានការប្រកួតរវាងក្លឹបនិងក្លឹបមិនតែប៉ុណ្ណោះសហព័ន្ធតែងតែរៀបចំឲ្យមានសិក្ខាសាលាដើម្បីរិះរកគំនិតល្អៗសម្រាប់អភិវឌ្ឍន៍សមត្ថភាពគ្រូ និងកីឡាករ-កីឡាការិនីរបស់ខ្លួន ។ បើតាមលោក Choi Yong Sok ដែលជាគ្រូបង្វឹកជម្រើសជាតិកម្ពុជានោះថារៀងរាលឆ្នាំ World TaekwonDo Peace Corps តែងតែបញ្ជូនគ្រូ និង អ្នកតេក្វាន់ដូដែលមានកម្រិតខ្សែក្រវ៉ាត់ខ្ពស់ៗឲ្យមកជួយបង្ហាត់ និង ផ្ដល់បទពិសោធន៍ដល់កីឡាករ-កីឡាការិនី និង គ្រូបង្វឹករបស់កម្ពុជា ។ គឺមួយឆ្នាំបញ្ជូនមក ២ វគ្គ ។ សម្រាប់ឆ្នាំ២០១៥នេះ World Taekwondo Peace Corps បានបញ្ជូនកីឡាករដែលមានបទបិសោធន៍របស់ខ្លួនឲ្យមកកម្ពុជាចំនួន៨ រូបគឺមកតាំងពីថ្ងៃទី៥ មករាមកម្ល៉េះ ហើយថ្ងៃទី១៣កុម្ភៈពួកគេនឹងត្រឡប់ទៅវិញ ។ ឯ វគ្គទី អាចនឹងចាប់ផ្ដើមក្នុងអម្លុងខែឧសភា ឬ ខែកក្កដា ។ សព្វថ្ងៃនេះតេក្វាន់ដូស្ទី W.T.F បានរីកចម្រើនខ្លាំងណាស់នៅកម្ពុជា ។ បន្ទាប់ពីកីឡាការិនីស៊ន សៀវម៉ី ដណ្ដើមបានមេដាយមាសក្នុងការប្រកួតកីឡាអាស៊ីលើកទី១៧នៅ Inchoen មកនោះបរិមាណអ្នកមកហ្វឹកហាត់តេក្វាន់ដូមានកាន់តែច្រើន ។ សព្វថ្ងៃនេះគ្រូបង្វឹករបស់កម្ពុជាដែលកំពុងបង្ហាត់ដល់ក្មេងៗនោះមានកម្រិតខ្សែក្រវ៉ាត់ចាប់ពី ២ ដាន់រហូតដល់ ៥ ដាន់ ៕
Post a Comment