GuidePedia

0
អ្នក​ចាំ​ទី David de Gea ​បាន​ចេញ​មុខ​មក​បញ្ជាក់​ថា​ដំណឹង​ដែល​ថា​រូប​គេ​មិន​និយាយ​ជាមួយ​អ្នក​ចាត់​ការ Louis van Gaal ​អស់​ពេល​១​ខែ​មក​ហើយ​នោះ​ គឺ​ជា​រឿង​មិន​ពិត​នោះ​ទេ ហើយ​ពេល​នេះ​ទៀត​សោត​រូប​គេ​ក៏​សប្បាយ​ចិត្ត​នឹង​នៅ​បិសាច​ក្រហម​ផង​ដែរ។


កាល​ពី​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​មាន​ព័ត៌មាន​ជា​ច្រើន ​​ជា​ពិសេស​នៅ​អេស្ប៉ាញ​បាន​ចុះផ្សាយ​ថា De Gea ​មិន​និយាយ​គ្នា​ជាមួយ​លោក Van Gaal​ ដោយ​មិន​ដឹង​មូល ហេតុ​ទើប​ពេល​នេះ​អ្នក​ចាំ​ទី​វ័យ​២៤​ឆ្នាំ​ខាង​លើ​បាន​ចេញ​មក​បញ្ជាក់​ដោយ​ខ្លួន​ឯង​ផ្ទាល់​ថា​រឿង​ទាំង​អស់​គឺ​មិន​ពិត​ទាំង​អស់។

អតីត​កីឡាករ​របស់ Atletico Madrid ​ខាង​លើ​បាន​បន្ថែម​ថា៖ “​យើង​ទាំង​ពីរ​មិន​បាន​ឈ្លោះ​គ្នា​អី​ទេ អ្នក​កាសែត​ចេះ​តែ​ចុះ​ផ្សាយ​រឿង​មិន​ពិត​ទាំង​អស់។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​នៅ​ Manchester United ។ ខ្ញុំ​បាន​លេង​ជាមួយ​កីឡាករ​កំពូល​ៗ ហើយ​ក៏​មិន​ចង់​ចេញ​ទៅ​ណា​ដែរ។ ជា​ការ​ពិត​ទៅ​ខ្ញុំ​ចង់​ពង្រឹង​សមត្ថភាព​របស់​ខ្ញុំ​នៅ​ទី​នេះ​ឱ្យ​បាន​ល្អ​ជាង​មុន​ទៅ​ទៀត ដើម្បី​បាន​ជួយ​ដល់​ក្លិប​តាម​ដែល​អាច​ធ្វើ​ទៅ​បាន”។


នៅ​ចាំ​បាន​ថា តាំង​ពី​បើក​រដូវ​កាល​នេះ​មក De Gea ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ណាស់​ដែល​ធ្វើ​ឱ្យ​ក្លិប​ធំ​ៗ​ជា​ច្រើន​ចង់​បាន​រូប​គេ ជា​ពិសេស​នោះ​គឺ Real Madrid ​តែ​ម្ដង ​ដើម្បី​យក​ទៅ​ជំនួស Casillas ។ មួយ​វិញ​ទៀត​ កុងត្រា​របស់​អ្នក​ចាំ​ទី​មាន​កម្ពស់​១,៩២​ម៉ែត្រ​រូប​នេះ​នៅ​ Old Trafford ​សល់​តែ​១​ឆ្នាំ​ទៀត​ទេ ខណៈ​ដែល​ខាង​ក្លិប​មិន​ទាន់​មាន​ដំណឹង​បន្ត​កុងត្រា​ដែរ​៕

Post a Comment

 
Top