GuidePedia

0
អ្នក​ប្រដាល់​កែងឆេះជង្គង់ហោះ​ ឡៅ ចន្ទ្រា​ ​​ចង់​ផ្ដួល​អ្នក​លេង​​​ឆ្លងដែន​​មកពី​​ស្រុក​ថៃ​ បាក់ ចូកេត ឲ្យ​បាន​ក្នុង​ទឹក ៣​ ឬ​ទឹក​ ៤ ក្នុង​​​ព្រឹត្តិការណ៍​​ប្រដាល់​មិត្តភាព​អន្តរជាតិ​ នា​ថ្ងៃ​ សៅរ៍ ទី​ ២៨ ខែ កុម្ភៈ​​​ ឆ្នាំ​ ២០១៥ ប្រភេទ​ទម្ងន់ ៦១ គីឡូក្រាម នៅ​​សង្វៀន​ប៉ុស្ដិ៍​អប្សរា ព្រម​ទាំង​​មាន​​ផ្សាយ​ផ្ទាល់​​ចាប់​ពី​ម៉ោង​ ១៥ :០០​តទៅ​ផង​ដែរ។ ឡៅ ចន្ទ្រា ប្រកួត​នាពេលកន្លងមក


​អ្នក​វ័យ​ក្មេង​ ឡៅ ច័ន្ទ្រា លើក​ឡើង​ថា​រូប​គេ​ដើម្បី​​ចង់​ផ្ដួល​កីឡាករ​ថៃ​ខាង​លើ​ឱ្យ​បាន​ក្នុង​ទឹក​ណា​មួយ ដោយ​​បង្កើន​ការ​ហ្វឹកហាត់​ច្រើន​ជាង​មុន ទោះ​មិន​ដឹង​ពី​សមត្ថភាព​របស់​ដៃគូ​ក៏ដោយ​។ អ្នក​ប្រដាល់​រូប​នេះ​បន្ត​ថា​ពី​មុន​គេ​​ហ្វឹកហាត់​រត់​ត្រឹម​ ៤ ទៅ​ ៥ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ តែ​ឥឡូវ​​បង្កើន​ដល់ ៧ ឬ ៨ គីឡូ​ហើយ​ ហាត់​​ឡាំ​​និង​​វ៉ៃ​​ បាវ​ខ្សាច់​សុទ្ធ​តែ​បាន​បង្កើន​ លើស​ពី​មុន​​ដូច​គ្នា។

ជើង​ខ្លាំង​មក​ពី​​ក្លិប​កងពល​តូច​ទ័ព​ឆត្រយោង​៩១១ សង្កត់​ធ្ងន់​ថា៖ « ខ្ញុំ​ចង់​ផ្ដួល​អ្នក​ប្រដាល់​ថៃ​ ម្នាក់​នោះ​ឲ្យ​សន្លប់​ក្នុង​ទឹក​ណាមួយ ​កាន់​តែ​លឿន​កាន់​តែ​ល្អ​ តែ​​បើ​យ៉ាង​យូរ​​ណាស់​ក៏​​ត្រឹម​ទឹក​ ៣ ឬ​ទឹក ៤ ដែរ​»។

អ្នក​ប្រដាល់​មក​កំណើត​មក​ពី​​ខេត្ត​កំពង់​ស្ពឺ​រូប​នេះ​​មាន​​ប្រវត្តិ​ប្រកួត​​វិជ្ជមាន​ច្រើន​ដោយ​ក្នុង​ចំណោម​ការ​ឡើង​សង្វៀន​ប្រកួត​៤៦​ដង ឈ្នះ​៤៣​ដង ចាញ់​២​ដង និង​ស្មើ​០១​ដង​។ បរាជ័យ​ពីរ​លើក​របស់​គេ​ក្រោម​ថ្វី​ដៃ​កីឡា​ ផាន់ គ្រាន់​ និង​ ចាន់​ ស៊ីណាត តាំង​ពី​ជំនួប​​ក្នុង​គីឡូ​ ៥៤ មក​ម៉េ្លះ។ រូប​គេ​មាន​ប្រវត្តិ​ ប្រកួត​ជាមួយ​ថៃ​ចំនួន​៥​លើក​មក​ហើយ ដោយ​វាយ​ឈ្នះ​៤​លើក​និង​ស្មើ​១​លើក​។


ក្រៅ​ពី​គូ​ជក់ចិត្ត​នេះ សង្វៀន​ប្រដាល់​ប្រចាំ​ខែ​របស់​ប៉ុស្ដិ៍​អប្សរា ក៏​មាន​ការ​ប្រកួត​​មិត្តភាព​អន្តជាតិ​មួយ​គូ​​ផ្សេង​ទៀត​គឺ​ ហុង ជុនហេង ត្រូវ​ប៉ះ​អ្នក​ប្រដាល់​ថៃ ដាវ សាយ៉ាម ព្រម​ទាំង​មាន​គូ​កំដរ​សង្វៀន កីឡាករ​ខ្មែរ​ប៉ះ​គ្នា ៣ គូ​ទៀត មាន បាង​ កាយ៉ាក ជួប​ ហ៊ុល ដារ៉ា​ ,សែន រ៉ាដេត​ ស្វាគមន៍ ឡុង បញ្ញា ខណៈ ផល ប្រុស​ខួច ត្រូវ​ទទួល អឿង​ សាវលីង៕

Post a Comment

 
Top