GuidePedia

0
កីឡាករ​​ សីប៉ាក់តាក្រ​ ៥ នាក់​ក្នុង​ចំណោម​ ១០ នាក់​​ដែល​ធ្លាប់​ញៀន​ថ្នាំ​ត្រូវ​បាន​គ្រូ​បង្វឹក​សីប៉ាក់តាក្រ​ជម្រើស​ជាតិ​កម្ពុជា​បង្វឹក​ឲ្យ​ក្លាយ​ជា​កីឡាករ​ល្អ​ជាប់​ជម្រើស​ជាតិ​សម្រាប់​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​​ស៊ីហ្គេម​​ ឆ្នាំ ២០១៧ ​នៅ​ប្រទេស ម៉ាឡេស៊ី។


លោក​​ ជាតិ ខេមរា​ ​គ្រូ​​​​បង្វឹក​សីប៉ាក់តាក្រ ជម្រើស​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​លោក​បាន​​ជ្រើស​រើស​យក​យុវជន​​​​​ដែល​មាន​ទេពកោសល្យ​​ផ្នែក​សីប៉ាក់តាក្រ​​១០ នាក់​មក​​​បង្ហាត់​ទុក​សម្រាប់​ជា​ជំនួយ​មួយ​ពេល​ដែល​ជម្រើស​ជាតិ​កម្ពុជា​​មាន​​ការ​ធ្លាក់​ចុះ​​ទម្រង់​លេង ​និង​ដាក់​បញ្ចូល​ជា​ជម្រើស​ជាតិ​បន្ត ។ ក្នុង​ចំណោម​ក្មេង​ទាំង​ ១០ នាក់​នោះ​​​មាន​ក្មេង​ ៥ នាក់​ដែល​លេង​​ល្អ​​ហើយ​​មាន​សង្ឃឹម​​ជាប់​​​ជម្រើស​ជាតិ​​បាន។

​លោក ​ជាតិ​ ខេមរា ​​បាន​និយាយ​ថា​ ៖« ពួក​គេ​ជា​ក្មេងៗ តែ​លេង​ល្អ​ ហើយ​ពិត​ជា​ជាប់​ជម្រើស​ជាតិ​បាន​នា​ពេល​ឆាប់​ៗ នេះ ​ហើយ​​ពួក​គេ​នឹង​​ជាប់​ជា​ជម្រើស​ជាតិ​​សម្រាប់​​ស៊ីហ្គេម​ឆ្នាំ ២០១៧»។

លោក​បាន​ប្រាប់​ទៀត​ថា​ ក្មេង​​ទាំង ៥ នាក់​នោះ​​មាន​ឈ្មោះ អ៊ុំ សានសុវិន, ខេង សុធារុន, ឈន សុខុម, គឹម ករុណា​ និង ផាត ផល្លានុន។ ​តាម​ពិត​ទៅ​ យុវជន​​ទាំង​​១០​នាក់​ទាំង​​នាក់​នោះ​​​មាន​ប្រវត្តិ​មិន​ល្អ​ ខ្លះ​​ធ្លាប់​​ញៀន​ថ្នាំ​ ប៉ុន្តែ​​​ក្រោយ ស្ថិត​​ក្រោម​ការ​ដឹកនាំ​របស់​លោក​ឃើញ​ថា​ ពេល​នេះ​​​ពួកគេ​ក្លាយ​ជា​ក្មេង​ល្អ​វិញ​ហើយ​​ និង​​​បាន​ហ្វឹកហាត់​​​ជា​មួយ​លោក​យ៉ាង​ដិត​ដល់ ។​


​គ្រូ​ធំ​រូប​នេះ​បាន​បន្ថែម​ថា​ ក្មេង​​ ៥ នាក់​ខាង​លើ​មាន​ទេពកោសល្យ​​លេង​​ល្អ​ ​​មាន​ភាព​អំណត់​ក្នុង​ការ​ហ្វឹកហាត់​ ស្ដាប់​គ្រូ ​និង​តស៊ូ​។ ​​ជា​ពិសេស​ ​​បច្ចេកទេស​​​ប្រកួត​​នៅ​លើ​ទីលាន​​របស់​ពួក​គេ​ក៏​​​មិន​ចាញ់​ជម្រើស​ជាតិ​កម្ពុជា​បច្ចុប្បន្ន​ឡើយ។ ​​ក្មេងៗ​ទាំង ១០ នាក់​ខាង​លើ​​បាន​ហ្វឹកហាត់​​​រយៈ​ពេល​​ជាង ២ ឆ្នាំ​ហើយ​៕

Post a Comment

 
Top