GuidePedia

0
ខ្សែបម្រើ​ជើងចាស់​របស់​ក្លិប Barcelona កីឡាករ Andres Iniesta ​បានប្រកាស​ឱ្យដឹងថា ក្រុម​របស់គាត់​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់​ចំពោះ​ការឡើង​ដល់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Copa del Rey ជា​លើក​ទី​៤​ក្នុង​រយៈពេល​៥​រដូវ​កាល​ចុងក្រោយ​នេះ​។​


សូមបញ្ជាក់ថា ក្រុម Villarreal​ លេង​យ៉ាង​ត្រ​ដាប​ត្រ​ដួល​បំផុត នៅក្នុង​ទឹកដី El Madrigal​ នៅ​ការប្រកួត​ជើង​ទី​២​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ ពោលគឺ​ត្រូវ​ក្រុម Barcelona ដាក់​សម្ពាធ​ទាំងស្រុង ហើយ​គ្រាប់​បាល់​ពី​កីឡាករ Neymar​ នៅ​ដំណាច់​តង់​នីមួយៗ និង​គ្រាប់​បាល់​ពី​កីឡាករ Luis Suarez​ជួយ​ឲ្យ​ពួកគេ​ទទួលបាន​ជ័យជម្នះ​៣-១​។

ជោគជ័យ​ទាំងពីរ​ជើង​៦-២ បាន​ជួយ​ឲ្យក្រុម Barcelona ​បោះជំហាន​ទៅរក​ជោគជ័យ​៣​ជើង​ឯក​ក្នុង​១​រដូវ​កាល​របស់​ពួកគេ និង​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​៣០ ​ខែឧសភា​ ខាងមុខ​ជាមួយ​ក្រុម Athletic Bilbao ដែល​បាន​យកឈ្នះ​ក្រុម Espanyol​ ទាំង​២​ជើង​ក្នុង​លទ្ធផល​ពិន្ទុ​៣-១​។​

កីឡាករ Iniesta​ ដែល​បាន​លេង​៩០​នាទីពេញ អំឡុង​ការប្រកួត​នៅក្នុង​ទឹកដី El Madrigal បាន​និយាយថា ក្រុម​របស់លោក​ពិតជា​រំភើបចិត្ត​ខ្លាំងណាស់​ចំពោះ​ជ័យជម្នះ​ខាងលើ ហើយ​ពេល​នេះ ពួកយើង​នឹង​បន្ត​ផ្តោតអារម្មណ៍​លើ​ការប្រកួត​ក្នុងស្រុក La Liga និង Champions League ​វិញ​ម្តង​។​


ខ្សែបម្រើ​ប្រយុទ្ធ​ម្នាក់នេះ បាន​បន្តទៀតថា យើង​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់ ពីព្រោះថា ការ​ឡើងដល់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Cup​ គឺជា​ក្តី​ប្រាថ្នា​ដែលគ្រប់​ក្រុម​ប្រាថ្នា​ចង់បាន​៕

Post a Comment

 
Top