ក្រុមប្តូរឈ្មោះនៅខាងចុងទាំងពីរបឹងកេតអង្គរត្រូវប្រជែងនឹងណាហ្គាវើលដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៥ ខណៈម្ចាស់ផ្ទះខេត្តស្វាយរៀងទទួលភ្ញៀងរឹងមាំ ភ្នំពេញក្រោន។បឹងកេតអង្គរ និង ណាហ្គាវើលធ្លាប់ជួបរឿងជួរចត់កាលពីឆ្នាំ២០១៤ក្នុងព្រឹត្តិការណ៍ពានរង្វាន់នេះដោយបញ្ចប់ទាំងភាពចម្រូងចម្រាស់នៅចំណាត់ថ្នាក់លេខ៣។ បឹងកេតទើបនាំចូលគ្រូបង្វឹកថ្មី ប៉ុន្តែសមាជិកថ្មីមានតិចប៉ុណ្ណោះ ខណៈណាហ្គាក៏ដឹកនាំដោយគ្រូបង្គោលថ្មីដែរ ប៉ុន្តែនាំចូលសមាជិកថ្មីច្រើនរូប និងជាកម្លាំងរឹងមាំទៀតផង។ គូនេះខ្លាំងប៉ះខ្លាំងហើយ ចាំមើលក្រុមណាឡើងទៅវគ្គបន្ត? ចំណែកក្រុមភ្នំពេញក្រោនវិញថ្វីត្បិតថា បាត់បង់កីឡាករចាស់មួយចំនួន ក៏នៅតែរក្សាភាពខ្លាំងដដែលដោយសមាជិកថ្មីមួយចំនួនសុទ្ធមានទេពកោសល្យល្អ។ កាលប្រកួតបញ្ចប់ពូល ក្រោនចាញ់បឹងកេត ១-០ ដែលតាមលទ្ធផលនេះ គ្រូបង្វឹកបញ្ជាក់ថា រក្សាទុកកីឡាករល្អៗសម្រាប់ថ្ងៃនេះ ពីព្រោះខ្លាចមានរបួស។ ទោះជាយ៉ាងណា ភ្នំពេញក្រោនប្រាកដជាធ្វើការធ្ងន់ហើយដោយជួបក្រុមខ្លាំងស្វាយរៀងដែលសំបូរថ្នាលយុវជនល្អ និងមានទេពកោសល្យ។ ម្យ៉ាង ស្វាយរៀងជាម្ចាស់ផ្ទះដែលប្រាកដណាស់នឹងពោរពេញដោយអ្នកគាំទ្រ។ ចាំមើល ម្ចាស់ផ្ទះ ឬភ្នំពេញក្រោន ជាអ្នកឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ? ការប្រកួតទាំងពីរគូពិសេសនេះល្អសម្រាប់អ្នកគាំទ្រនៅភ្នំពេញ និងតាមបណ្តាខេត្តនានា ពីព្រោះទូរទស្សន៍ BTV ផ្សាយផ្ទាល់ទាំងពីរគូចាប់ពីម៉ោង៤រសៀលតទៅ៕
Post a Comment